ក្លិប គិរីវង់ ប្រកាសនាំចូលកីឡាករខ្មែរទី១ ខណៈ ប៉ូលីស បន្តកិច្ចសន្យាកីឡាករ កាម៉េរូន
ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ បានប្រកាសអំពីការនាំចូលកីឡាករខ្មែរទី១ ក្នុងរដូវកាលថ្មីឆ្នាំ ២០២១ នេះ ស្របពេលដែលក្លិប អគ្គស្នងការនរគបាលជាតិ បានឈានដល់ការព្រមព្រៀងបន្តកិច្ចសន្យាថ្មីដល់កីឡាករសញ្ជាតិកាម៉េរូន NGWA BALDWIN AFANWI ។
ក្លិប គិរីវង់ បានឈានដល់ការនាំយកកីឡាករ លី ម៉ូស្លីម ដែលជាខ្មែរទី១របស់ក្លិបមានមូលដ្ឋាននៅខេត្តតាកែវ បានចុះកិច្ចសន្យា ក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវកាលនេះ ។
លី ម៉ូស្លីម ជាកីឡាករដែលផុតកិច្ចសន្យាជាមួយក្លិប សូលទីឡូអង្គរ មុនមកចូលរួមជាមួយ គិរីវង់សុខសែនជ័យ នេះ ។
ក្លិបបាល់ទាត់គិរីវង់ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករខ្មែរជាច្រើន ក្រោយចប់រដូវកាល ២០២០ ក្នុងនោះមាន អ្នកចាំទី គង់ រ៉ាហ្វាត់ ( មកពីក្លិប សូលទីឡូរដូវកាល ២០២០ ) អ្នកចាំទី ឈិន ឆៃនុត ( ខ្ចីពីភ្នំពេញក្រោន ជុំទី២ រដូវកាល ២០២០ ) ឡុង បូរាណ ( មកពីក្លិប អាស៊ី អឺរ៉ុប រដូវកាល ២០២០ ) , កីឡាករ មុំ វ៉ៃ និង អ៊ូច តូនី ។
ចំណែកក្លិប អគ្គស្នងការនរគបាលជាតិ បានឈានដល់ការព្រមព្រៀងបន្តកិច្ចសន្យាថ្មីដល់កីឡាករសញ្ជាតិកាម៉េរូន NGWA BALDWIN AFANWI សម្រាប់ប្រកួតប្រជែងក្នុងរដូវកាល ២០២១ បន្តទៀត ។
កីឡាករសញ្ជាតិ កាម៉េរូន ធ្លាប់មានបទពិសោធច្រើនរួចមកហើយក្នុងការលេងនៅក្លិបក្នុងទឹក ដីកម្ពុជា ដូចជា ភ្នំពេញក្រោន , ណាហ្គាវើល , អង្គរថាយហ្គឺរ ៕