Mikel Arteta ប្រហែលជាកាន់តំណែងឆ្លងមិនផុតឆ្នាំ ២០២០
(BC-99)
ចាប់តាំងពីបានប្រកួតឈ្នះ Manchester United ១-០ ដោយការទាត់បាល់ពីន័យ១១ម៉ែត្ររបស់ Aubameyang នៅ Old Trafford តាំងពីដើមខែវិច្ឆិកាមក ក្រុមកាំភ្លើងធំ Arsenal មិនបានស្វែងរកជ័យជម្នះឃើញទៀតឡើយនៅក្របខណ្ឌ Premier League ចំនួន៦សប្តាហ៍ជាប់ៗគ្នា។
មានតែ២ពិន្ទុតែប៉ុណ្ណោះដែល Arsenal ទទួលបាននៅ៦ប្រកួតចុងក្រោយនេះនិងរបូតទៅវិញអស់១២ពិន្ទុ។ ការប្រកួត២ដងចុងក្រោយបំផុតនេះទៀតសោតពួកគេបានបាត់បង់សមាជិកដែលទទួលបានកាតក្រហមពីអជ្ញាកណ្តាលចំនួនពីររូបគឺ Granit Zhaka នៅអំឡុងពេលប្រកួតដែល Arsenal បានចាញ់ Burnley ១-០ និងកីឡាករ Gabriel នាអំឡុងពេលប្រកួតដែល Arsenal ស្មើ ១-១ ជាមួយ Southampton។
ក្រោយពីឆ្លងកាត់ការប្រកួតចំនួន១៣សប្តាហ៍នារដូវកាលថ្មី ២០២០-២១ ក្រុមដែលដឹកនាំដោយលោក Mikel Arteta កំពុងតែឋិតនៅលើលេខរៀងទី១៥នៃតារាង Premier League ជាមួយនិងពិន្ទុដែលសន្សំបានចំនួន ១៤ ពិន្ទុតែប៉ុណ្ណោះ។ ថ្វីត្បិតតែអ្នកគាំទ្ររបស់ Arsenal និងលោក Arteta ថានេះគ្រាន់តែជាការចាប់ផ្តើមខណៈដែលពួកគេនៅសល់ពេលវេលាវែងឆ្ងាយដើម្បីធ្វើការស្តារស្ថានភាពបច្ចុប្បន្នក្រុមបានក៏ដោយចុះក៏អ្នកគាំទ្រក្លិបតែមិនគាំទ្របុរសសញ្ជាតិអេស្ប៉ាញរូបនេះបាននាំគ្នានិយាយជាសារធារណៈនៅលើបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងគ្នាថា វាគួរតែដល់ពេលបណ្តេញលោក Mikel Arteta ឱ្យទៅរកការងារធ្វើនៅក្លិបផ្សេងម្តងហើយ។
ជាការពិតណាស់អ្នកចាត់ការទូទៅដែលមានវ័យទើបតែ៣៨ឆ្នាំរូបនេះបានលុបលាងកំហុសរបស់ខ្លួនកាលពីរដូវកាលមុនក្រោយពីមិនអាចជួយ Arsenal ឱ្យជាប់ Top 4 តាមរយៈការឈ្នះពាន FA Cup និងនាំក្រុមឱ្យឆ្លងផុតពីវគ្គចែកពូល EUROPA League នៅរដូវកាលនេះក៏ដោយក៏ស្ថានភាពងាយរង្គោះរង្គើរចំពោះមុខតំណែងរបស់គាត់ដែរ។ នាខែធ្នូនេះកម្មវិធីប្រកួតនៅ Premier League មានកាលវិភាគប្រកួតដ៏មមាញឹកដូចរាល់ឆ្នាំដោយកាំភ្លើងធំត្រូវបន្តទៅជួបជាមួយក្រុម Everton, Chelsea, Brighton និង West Brom ខណៈដែលពាន EFL Cup ពួកគេត្រូវប្រកួតជាមួយក្រុម Manchester City។
មានការព្យាករណ៍ថាប្រសិនបើលោក Mikel Arteta មិនអាចជួយឱ្យក្រុមរកពិន្ទុពី Everton និង Chelsea បានទេមុខតំណែងរបស់លោកនឹងអាចត្រូវគេដកហូតយកមកវិញនៅមុនខែមករាឆ្នាំ ២០២១ នេះតែម្តងហើយក្នុងនោះក៏មានការព្យាករណ៍យ់ាងដូច្នេះរបស់ឥស្សរជនបាល់ទាត់មួយចំនួនដែលមានទាំងអតីតគ្រូបង្វឹក Liverpool លោក Benitez ផងដែរ។