កូនច្បង Rooney ចុះកុងត្រានៅថ្នាល Man UTD
កុមារា Kai Rooney ដែលជាកូនប្រុសច្បងរបស់តារាបាល់ទាត់ Wayne Rooney បានចុះកិច្ចសន្យាចូលក្រុមថ្នាល Manchester United កាលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ។
Rooney ដែលបច្ចុប្បន្នជាអ្នកចាត់ការស្ដីទីប្រចាំក្លិប Derby County បានបង្ហោះរូបភាពកូនប្រុសវ័យ១១ឆ្នាំរូបនេះដោយភ្ជាប់សំណេរថា“ជាថ្ងៃដ៏មោទកភាព។ Kai ចុះកុងត្រាជាមួយ Manchester United ហើយ។ ប្រឹងប្រែងកូនប្រុស។”
Kai ក៏ត្រូវបានភ្ជាប់ជាមួយការចូលរួម Manchester City ដែរកាលឆ្នាំមុន ប៉ុន្តែកូនប្រុសអតីតខ្សែប្រយុទ្ធ Man UTD ខាងលើបានប្ដេជ្ញាចិត្តនៅបិសាចក្រហមដើម្បីក្ដោបឱកាសដើរតាមគន្លងឪពុកខ្លួន។
រំឭកពីឪពុករបស់គេ គឺ Wayne Rooney បានក្លាយជាកីឡាករវ័យក្មេងថ្លៃជាងគេពេលផ្លាស់ពី Everton ទៅ Manchester United កាលឆ្នាំ២០០៤ ពេលនៅអាយុ១៨ឆ្នាំ១០ខែ និងតម្លៃផ្ទេរ២៧លានផោន។
ក្រោយវិលទៅ Everton វិញក្នុងឆ្នាំ២០១៧ Rooney ក៏ចំណាយពេលនៅក្របខណ្ឌកំពូលអាមេរិកជាមួយក្លិប D.C United មុនផ្លាស់ទៅ Derby កាល១២ខែមុន។ បច្ចុប្បន្ន គេ និងភរិយា មានកូនប្រុស៤នាក់។
តាមពិតទៅ Kai ក៏ធ្លាប់ចំណាយពេលមួយរយៈនៅថ្នាល Man City កាលឆ្នាំ២០១៦ មុនចេញទៅអាមេរិកជាមួយឪពុករបស់គេនៅឆ្នាំ២០១៨៕