ខ្សែប្រយុទ្ធ ទូច រូ៉ម៉ា ចែកផ្លូវជាមួយក្លិប Tiffy Army
ខ្សែប្រយុទ្ធ ទូច រ៉ូម៉ា បានប្រកាសអំពីការចាកចេញពីក្លិប សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ (Tiffy Army ) នេះបើយោងទៅតាមការបង្ហើបរបស់កីឡាករដើមកំណើតខេត្តស្វាយរៀង នេះផ្ទាល់ បើទោះបីក្លិបមិនទាន់ បញ្ចេញជាផ្លូវការយ៉ាងណាក្តី ។
អតីតយុវជនរបស់ក្លិប ឆ្មាខ្មៅស្វាយរៀង បានបញ្ជាក់ប្រាប់ MSR SPORT ថា រូបគេពិតជាបានឈានដល់កិច្ចព្រមព្រៀមជាមួយក្លិបក្នុងការចែកផ្លូវគ្នាពិតមែន ហើយសម្រាប់អនាគតមិនទាន់ច្បាស់ថានឹងទៅចូលរួមជាមួយក្លិបណាបន្តនោះទេ ដោយរង់ចាំមើលតាមការចរចារជាក់ស្តែងចំពោះក្លិបដែលចង់បានរូបគេ ។
កីឡាករដែលមានដើមកំណើតនៅក្រុងបាវិតរូបនេះ ដំបូងឡើងជាយុវជនរបស់ឆ្មាខ្មៅខេត្តស្វាយរៀង ដោយមានទេព្យកោសល់ល្អក្លិបក្រសួងការពារជាតិ(សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ)ចាប់អារម្មណ៍យ៉ាងខ្លាំងក៏បាននាំមកនាឆ្នាំ២០១២។ ប៉ុន្មានឆ្នាំដំបូងនាក្លិបថ្មី រ៉ូម៉ា បានបង្ហាញសមត្ថភាពយ៉ាងល្អ ប៉ុន្តែរូបគេត្រូវបានសម្រាកដោយសាររបួសប្រេះឆ្អឹងជើងអស់រយ:ពេលជាច្រើនខែ ខណៈពេលជាសះស្បើយ មិនអាចបង្ហាញខ្លួនដូចដើមវិញឡើយ ក្លិបទ័ពក៏បានឱ្យកីឡាករវ័យក្មេងរូបនេះទៅក្លិប វេស្ទើនភ្នំពេញ ខ្ចីជើងមួយរដូវកាល នាឆ្នាំ២០១៧ ប៉ុន្តែមិនសូវបានបង្ហាញខ្លួនទៀត ក៏វិលមកក្លិប សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ (Tiffy Army ) ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះក៏ធ្លាប់ជួយក្លិប សមាគមកីឡាបាល់ទាត់កងយោធពលខេមរៈភូមិន្ទ (Tiffy Army ) ឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន កាលពីឆ្នាំ ២០១៦ ផងដែរ និងធ្លាប់ជាប់ជម្រើសជាតិ នាឆ្នាំ២០១៥ ទាំងឈុតធំ នឹងឈុត U-19 ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon ទៀតផង ៕