
Mbappe និង Neymar ធ្វើបានកំណត់ត្រាពិសេសនៅ UCL
Kylian Mbappe បានក្លាយជាកីឡាករក្មេងជាងគេដែលរកបាន ២០ គ្រាប់នៅ UEFA Champions League ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ចូលសំណាញ់ទី Basaksehir ក្នុងការប្រកួតនៅថ្ងៃពុធ ទី០៩ ខែធ្នូ។
ក្នុងជ័យជម្នះ ៥-១ របស់ Paris Saint Germain លើ Basaksehir នៅបារាំង Kylian Mbappe បានរកគ្រាប់បាល់ ១១ ម៉ែត្រនៅនាទី៤២ មុនថែមគ្រាប់ទីពីរនៅនាទី ៦២ ។
យោងតាម Opta ខ្សែប្រយុទ្ធបារាំងរូបនេះបានក្លាយជាកីឡាករក្មេងជាងគេដែលអាចរកបាន២០គ្រាប់នៅ Champions League ក្នុងវ័យ២១ឆ្នាំ និង៣៥៥ថ្ងៃ។ មុននោះអ្នកកាន់កំណត់ត្រានេះគឺ Lionel Messi ជាកីឡាករដែលរកបាន ២០ គ្រាប់នៅអាយុ ២២ឆ្នាំ និង២៦៦ថ្ងៃ។
ឈ្មោះដែលនៅសល់ក្នុងតារាងកំពូលទាំង ៥ រួមមាន Raul Gonzalez, Alessandro Del Piero និង Karim Benzema ។ នេះមិនមែនស្នាដៃសំខាន់ដំបូងដែល Mbappe សម្រេចបាននៅ PSG ទេ។ ក្នុងការប្រកួតជាមួយ Montpellier កាលពីថ្ងៃទី៦ ធ្នូ គេរកបានគ្រាប់ទី ១០០ សម្រាប់ PSG ក្នុងចំណោម១៣៧ ប្រកួតប៉ុណ្ណោះ។
ក្រៅពី Mbappe គឺ Neymar ក៏ធ្វើបានកំណត់ត្រាគួរចាប់អារម្មណ៍មួយដែរ។ នេះជាលើកទី ៣ ហើយដែលកីឡាករប្រេស៊ីលរកបាន៣គ្រាប់ក្នុងមួយប្រកួតនៅ Champions League ។ មានតែ Messi និង Cristiano Ronaldo ប៉ុណ្ណោះដែលរកបានច្រើនលើកជាង។
Neymar ក៏បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Champions League ដែលរកបាន២០គ្រាប់ឲ្យក្លិបពីរផ្សេងគ្នា (បូកទាំង Barcelona)។ ដូច្នេះគេធ្វើបានសរុប៤០ គ្រាប់ហើយពីការប្រកួតត្រឹម៦៥ដង ស្ថិតក្នុងលំដាប់ទី៤ បន្ទាប់ពី Ruud van Nistelrooy, Messi និង Robert Lewandowski ដែលធ្វើបានទិន្នន័យបែបនេះ។
ដូច្នេះ PSG ឈរកំពូលតារាងពូល H មាន១២ពិន្ទុស្មើក្រុមលេខពីរ RB Leipzig៕