Troy Deeney ៖ លោក Ole មិនសាកសមក្នុងមុខតំណែងជាអ្នកគ្រប់គ្រងក្លិប Man Utd ទេ!
(BC-99)
Ole Gunnar Solskjaer មិនមែនជាមនុស្សសក្តិសមសម្រាប់ការងារជាអ្នកចាត់ការទូទៅរបស់ Manchester United ទេព្រោះកីឡាករមិនគោរពដល់គាត់ទេ។
នេះជាសម្តីរបស់ខ្សែប្រយុទ្ធក្លិប Watford Troy Deeney ដែលបានបង្ហាញនូវការជឿជាក់របស់ខ្លួនថាអ្នកចាត់ការទូទៅសញ្ជាតិ ន័រវេស ម្នាក់នេះនឹងត្រូវបណ្តេញចេញពីមុខតំណែងក្រោយពីបានដឹកនាំការប្រកួតលើកទី ១០០ របស់ខ្លួនឱ្យបរាជ័យដោយក្រុមកាំភ្លើងធំ Arsenal ។
នៅលើទីលាន Old Trafford ចាប់តាំងពីឆ្នាំ ២០០៦ ក្រុម Arsenal មិនដែលរកបានជ័យជម្នះត្រឡប់ទៅ London វិញឡើយ ក៏ប៉ុន្តែឯតទគ្គកម្មនេះត្រូវបានបំបែកដោយកីឡាករ ហ្គាបុង Pierre-Emerick Aubameyang តាមរយៈបាល់ពិន័យ១១ម៉ែត្រដ៏សក្តិសិទ្ធរបស់គេ។
ថ្លែងនៅក្នុងកម្មវិធីជជែកកំសាន្តរបស់ស្ថានីយ៍វិទ្យុមួយកន្លែង Deeney បាននិយាយថា “ពិតណាស់ Ole គឺជាបុគ្គលជោគជ័យជាមួយក្រុម Man Utd កាលពីគាត់នៅជាកីឡាករ តែគាត់នៅមិនទាន់សក្តិសមជាមួយមុខងារនាពេលបច្ចុប្បន្នទេ។ ក្រុមកីឡាករដូចជាមិនផ្តល់ការគោរពចំពោះគាត់នោះទេ។ ខ្ញុំយល់ស្របចំពោះការលើកឡើងពីអតីតកីឡាករបិសាចក្រហម Roy Keane ដែលបាននិយាយពីបញ្ហានេះជារឿយៗ។ Ole ពិតជាមានរបៀបលេងដ៏ល្អ តែគាត់ត្រូវការពេលវេលាដែលពង្រឹងខ្លួនឱ្យរឹងមាំជាងនេះ”។