Ole Gunnar Solskjaer៖ស៊ូទុកទំនេរកន្លែងខ្លះគ្រាន់បើជាងមានកីឡាករដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន
(BC-99)
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថាគាត់នឹងទុកកន្លែងខ្លះអោយនៅទំនេរគ្រាន់បើជាងមានកីឡាករដែលគ្មានស្មារតីក្លឹបនិងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។
នេះគឺជាការស្រង់សម្តីរបស់លោកដោយសារព័ត៌មាន អង់គ្លេស United We Stand កាលពីម្សិលម៉ិញនេះបន្ទាប់ពី Ole បានដឹកនាំកូនក្រុមរបស់ខ្លួនធ្វើការហ្វឹកហាត់ដើម្បីត្រៀមប្រកួតបង្គ្រប់សប្តាហ៍ដែលនៅសេសសល់សម្រាប់ Premier League រដូវកាលនេះ។
បន្ទាប់ពីក្លាយជាអ្នកចាត់ការទូទៅពេញសិទ្ធរបស់ Manchester United កាលពីដើមឆ្នាំ ២០១៩ Solskjaer បានបង្ហើបអោយដឹងអំពីការផ្លាស់ប្តូរកីឡាករដែលលោកបានគិតថាពុំមានអនាគតវែងឆ្ងាយជាមួយក្លិបដោយបានលក់និងដាក់អោយខ្ចីនូវកីឡាករដែលមិនមែនជាគោលដៅប្រើប្រាស់របស់លោកដែលក្នុងនោះក៏មានការលក់ Romelu Lukaku ដ៏គួរអោយភ្ញាក់ផ្អើលនិងអោយ Alexis Sanchez (លក្ខខណ្ឌខ្ចីជើង)ទៅកាន់ Inter Milan និង Chris Smalling ទៅ Roma ជាដើម។
ក្រោមការគ្រប់គ្រងរបស់លោក Man United ក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញយក Harry Maguire, Aaron Wan-Bissaka និង Daniel James ព្រមទាំង Bruno Fernandes មកពង្រឹងក្រុមវិញផងដែរ។
ទាក់ទងនឹងសំនួរដែលបានចោទសួរថាតើ United គួរតែថែរក្សាទុក Pogba នៅបន្តជាមួយក្រុមឬក៏យ៉ាងណា លោក Ole បានឆ្លើយថា “កីឡាករឆ្នើមមិនមែនជាកីឡាកររត់រកកន្លែងស្រួលនុះទេ។ គេគឺជាកីឡាករដ៏ល្អលំដាប់ពិភពលោករបស់ក្រុមយើង”។