កីឡាករ Ajax ដល់ទៅ១១នាក់តេស្ដឃើញកូវីដ១៩មុនប្រកួត UCL
អ្នកចាំទីដៃទីមួយ និងទីពីរ ព្រមទាំងកីឡាករ៩នាក់នាក់ទៀតរបស់ Ajax Amsterdam ត្រូវបានតេស្ដឃើញវីរុសកូវីដ១៩មុនការប្រកួត UEFA Champions League តទល់ម្ចាស់ផ្ទះ Midtjylland នៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា។ បច្ចុប្បន្នក្រុមជើងឯកហុល្លង់នៅសល់តែអ្នកចាំទីដៃទី៣វ័យ២០ឆ្នាំមួយរូប និងកីឡាករ១៦នាក់ផ្សេងទៀតប៉ុណ្ណោះទៅប្រកួតនៅដាណឺម៉ាក។
Kjell Scherpen ជាអ្នកចាំទីដៃទី៣ មានកម្ពស់ដល់ទៅ២ម៉ែត្រ២ ផ្លាស់ទៅ Ajax នៅរដូវកាលមុន តែមិនទាន់បានបង្ហាញខ្លួនក្នុងក្រុមធំនៅឡើយទេ។
ក្នុងចំណោមអ្នកតេស្ដវិជ្ជមានទាំង១១នាក់នោះរួមមានកីឡាករស្នូល Ryan Gravenberch, Davy Klaassen, Dusan Tadic, Andre Onana និង Maarten Stekelenburg។ ពួកគេសុទ្ធតែសម្រាកនៅផ្ទះទាំងអស់។
លោក Erik Ten Hag ទទួលស្គាល់ថា វាពិតជាបញ្ហាធំសម្រាប់ក្រុមរបស់លោក តែយ៉ាងណា វាបានកើតឡើងទៅហើយ។ ពីមុនលោកធ្លាប់ឃើញក្លិបគេជួបបញ្ហានេះ តែឥឡូវវាធ្លាក់មកលើក្លិបលោកវិញម្ដង។
Ajax Amsterdam កំពុងស្វែងរកជ័យជម្នះលើកដំបូងនៅពូល D ដែលកំពុងនាំមុខដោយ Liverpool និង Atlanta ក្រោយលេងបានពីរប្រកួត។ ក្រុមកំពូលតារាងទាំងពីរក៏ត្រូវប៉ះគ្នានៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា នេះដែរ៕