តាមពិតគ្រូ Hoffenheim ដែលនាំក្រុមឈ្នះយប់មិញគឺជាអតីតគ្រូយុវជន Bayern
Bayern Munich បានរងបរាជ័យលើកដំបូងចាប់តាំងពីខែធ្នូឆ្នាំ ២០១៩ ក្រោយចាញ់ Hoffenheim ៤ទល់នឹង១ក្នុងការប្រកួត Bundesliga នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។
Bayern បានឈ្នះ២៣ប្រកួតក្នុងចំណោមការប្រកួតមិនចាញ់សោះ៣២លើកដែលធ្វើឲ្យពួកគេឈ្នះជើងឯក Bundesliga, German Cup, UEFA Champions League រដូវកាលមុន និងពានរង្វាន់ UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍។
Ermin Bicakcic បាននាំមុខដល់ក្រុមម្ចាស់ផ្ទះ ហើយ Munas Dabbur បន្ថែមគ្រាប់ទីពីរ មុនគ្រាប់បាល់ដ៏ល្អរបស់ Joshua Kimmich តាមពីក្រោយសម្រាប់ Bayern ។
ប៉ុន្តែ Andrej Kramaric បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងការទាត់បាល់ប៉េណាល់ទីនៅម៉ោងថែមផ្ដល់ជ័យជម្នះដល់ Hoffenheim ។
តាមពិតទៅ ក្រុមម្ចាស់ផ្ទះស្ថិតក្រោមការដឹកនាំដោយលោក Sebastian Hoeness ដែលធ្លាប់ជាគ្រូបង្វឹកយុវជនរបស់ Bayern Munich កាលពីរដូវកាលមុន។
គ្រូបង្វឹកវ័យ៣៨ឆ្នាំដែលជាអតីតកីឡាករ Hoffenheim អំឡុងជាង១០ឆ្នាំមុនបានចូលរួមជាមួយ Bayern Munich ក្នុងនាមជាគ្រូ U19 នៅឆ្នាំ២០១៧ ហើយក៏ត្រូវបានដំឡើងជាគ្រូក្រុមបម្រុងពីឆ្នាំ២០១៩ ដល់២០២០។ លោកត្រូវបានតែងតាំងជាគ្រូបង្គោល Hoffenheim នៅថ្ងៃទី២៧ ខែកក្កដា។
ទាំងឪពុករបស់គេ គឺលោក Dieter និងអ៊ំប្រុស លោក Uli Hoeness ក៏ជាអតីតកីឡាករក្លិប Bayern Munich ដែរ៕