លេងឲ្យ ATM លើកដំបូង Suarez បង្កើតកំណត់ត្រាពិសេសភ្លាម
Luis Suarez រកបានពីរគ្រាប់ម្នាក់ឯង និងបានបង្កើតឱកាសដល់មិត្តរួមក្រុមមួយលើកទៀតក្រោយបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Atletico Madrid នៅនាទីទី៧០ ក្នុងជ័យជម្នះ៦ទល់នឹង១ លើ Granada ការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។
ATM បាននាំ៣-០មុនតាមរយៈគ្រាប់បាល់ពី Diego Costa, Angel Correa និង Joao Felix។
គ្រាន់តែ Suarez ប្ដូរចូលបានពីរនាទី គេក៏បញ្ជូនឲ្យ Marcos Llorente រកបានគ្រាប់ទី៤។
បន្ទាប់មក Suarez បានតែតបាល់បញ្ចូលទីពីការបញ្ជូនដោយ Llorente និងស៊ុតបានមួយគ្រាប់ទៀតដែលជាបាល់ទី៦ឲ្យក្លិបថ្មី។
អតីតកីឡាករ Barcelona ក៏មានឱកាសទៀតខ្លះដែរ តែមិនអាចសម្រេចទីបន្ថែម។ មួយគ្រាប់របស់ Granada ធ្វើបានដោយ Jorge Molina នៅនាទី៨៧។
Suarez វ័យ៣៣ ឆ្នាំបានផ្លាស់ពី Barcelona លើកិច្ចសន្យាពីរឆ្នាំកាលថ្ងៃសុក្រ ទី២៥ កញ្ញា។ គេគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី ៣ របស់ Barcelona ដែលមាន ១៩៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៣លើកក្នុងរយៈពេល៦ឆ្នាំ។
អតីតខ្សែប្រយុទ្ធ Ajax Amsterdam និង Liverpool ដដែលបានក្លាយជាកីឡាករទីមួយរបស់ Atletico Madrid ដែលរកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូង ហើយក៏ជាអ្នកទីមួយអាចរកបានគ្រាប់បាល់ខ្លួនឯងផង និងបញ្ជូនឲ្យមិត្តរួមក្រុមពេលចូលលេងលើកដំបូងឲ្យ ATM នៅ La Liga នេះដែរ៕