ក្រោយធ្លាក់ UCL យប់់មិញ គ្រូLeipzigទទួលស្គាល់ PSGពិតជាខ្លាំង
លោក Julian Nagelsmann អ្នកចាត់ការ RB Leipzig បាននិយាយថា Paris Saint Germain គឺជាក្រុមដ៏ខ្លាំងជាង ហើយសមទទួលបានសំបុត្រទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League នៅរដូវកាល ២០១៩/២០ ។
គ្រូបង្វឹកវ័យ៣៣ឆ្នាំថ្លែងបែបនេះក្រោយចាញ់ PSG ៣ទល់នឹង០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃអង្គារ ទី១៨ ខែសីហា ធ្វើឲ្យដំណើរផ្សងព្រេងរបស់ក្រុមមកអាល្លឺម៉ង់មួយនេះក្នុងពានដ៏ធំនៅអឺរ៉ុបត្រូវបានបញ្ចប់
លោក Julian Nagelsmann បញ្ជាក់បែបនេះ “៖ “PSG ខ្លាំងពេកហើយសម្រាប់យើង។ ពួកគេលេងបានល្អពេញមួយប្រកួតនេះតែម្ដង។ ក្នុងរយៈពេល ១០ នាទីដំបូង យើងលេងបានល្អ។ យើងត្រូវសម្រេចចិត្តឲ្យបានមុន ប្រសិនបើយើងចង់វាយលុកតាំងពីដើមទី។ យើងមានស្ថានភាពល្អមួយចំនួនហើយក៏ធ្វើឱ្យមានកំហុសធ្ងន់ ២ ឬ ៣ដែរ។ នៅពេលយើងរបូតគ្រាប់បាល់ទីពីរ កីឡាករបាត់បង់ជំនឿចិត្ត។ ប៉ុន្តែជារួមយើងក៏លេងបានល្អដែរនៅវគ្គទីពីរ។”
ក្របខណ្ឌ Bundesliga រដូវកាល ២០២០/២១ នឹងត្រឡប់មកវិញនៅថ្ងៃទី ១៩ ខែសីហា។ រដូវកាលថ្មីត្រូវបានគេព្យាកrថានឹងមានការលំបាកបន្តិចសម្រាប់ Leipzig ក្រោយលក់ Timo Werner ទៅ Chelsea ខណៈកីឡាករលេងលើលក្ខខណ្ឌខ្ចីដូចជា Angelino (Man City), Patrik Schick ( AS Roma) និងEthan Empadu ក៏ត្រឡប់ទៅក្លិបដើមវិញ។
យ៉ាងណាលោក Nagelsmann នៅតែមានសុទិដ្ឋិនិយម។ “យើងគឺជាក្រុមវ័យក្មេងហើយនឹងព្យាយាមធ្វើឲ្យបានល្អនៅរដូវកាលក្រោយ។ កីឡាករនឹងវិលត្រឡប់ឆាប់ៗ ហើយយើងនឹងប្រឹងប្រែងបន្តទៀតនៅ Bundesliga និង German Cup” ។
ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League គឺជាជោគជ័យមួយទៅហើយសម្រាប់ RB Leipzig និងជាកំណត់ត្រាមួយសម្រាប់លោក Nagelsmann ក្នុងវ័យត្រឹម៣៣ឆ្នាំ។ កំណត់ត្រាចាស់ធ្វើបានដោយលោក Didier Deschamps ពេលនាំ Monaco ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ ២០០៣/០៤ នៅអាយុ ៣៥ ឆ្នាំ៕