ប្រធានក្លឹប FC Barcelona បង្ហើបពីរឿងខ្សែប្រយុទ្ធ Lionel Messi ចូលនិវត្តន៍ពីពិភពបាល់ទាត់
លោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona បង្ហើបពីរឿងខ្សែប្រយុទ្ធ Lionel Messi ចូលនិវត្តន៍ពីពិភពបាល់ទាត់ ដោយប្រធានក្រុមរូបនេះនឹងព្យួរស្បែកជើងក្នុងអំឡុងពេល៣-៤ឆ្នាំខាងមុខទៀត។
ប្រធានក្លឹបខាងលើបានបន្ថែមទៀតថា៖ “មិនមែនខ្ញុំនិយាយតែម្នាក់ឯងទេ ប៉ុន្តែ Messi ក៏ធ្លាប់បាននិយាយដែរ គេចង់បញ្ចប់អាជីពរបស់គេនៅ Barcelona។ ខ្ញុំនិយាយដោយមិនមានការសង្ស័យទេថាគេនឹងបញ្ចប់អាជីពក្នុងពេល៣-៤ឆ្នាំខាងមុខទៀតនៅ Barcelona។”
យ៉ាងណាក្តី បុរសកូន៣ខាងលើធ្លាប់បានបង្ហើបថា រូបគេមានបំណងចង់ផ្លាស់ទៅលេងនៅក្លឹបចាស់ Newell’s Old Boys នៅស្រុកកំណើតក្នុងប្រទេសអាហ្សង់ទីន មុនពេលចូលនិវត្តន៍ផងដែរ។
គួរឱ្យដឹងថា ម្ចាស់ពានរង្វាន់៉បាល់មាស់៦សម័យនៅសល់កុងត្រានៅកីឡដ្ឋាន Camp Nou រហូតដល់រដូវកាល២០២០-២១ ដោយរូបគេត្រូវរំពឹងថានឹងបន្តកិច្ចសន្យារយៈពេលយូរជាបន្តទៀតនៅជាមួយនឹងក្លឹប។