
Lingard ទាត់ចូលពីរប្រកួតជាប់គ្នាលើកដំបូងនៅឆ្នាំ២០២០
មួយគ្រាប់ពី Jesse Lingard ក្នុងចំណោមជ័យជម្នះ២ទល់នឹង១របស់ Manchester United លើ LASK ជើងទីពីរ UEFA Europa League វគ្គ១៦ក្រុម នៅថ្ងៃពុធ ទី០៥ ខែសីហា មានន័យថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះរកបានពីរប្រកួតជាប់គ្នាជាលើកទីពីរសម្រាប់បិសាចក្រហម ដោយលើកដំបូងនៅខែធ្នូ ឆ្នាំ២០១៨។
គ្រាប់ដំបូងនៅឆ្នាំ២០២០នេះ គឺកើតឡើងពេលក្រុមលោក Ole Gunnar Solskjaer ឈ្នះ Leicester City យកបានលេខ៣នៅ Premier League កាលពីពេលថ្មីៗ។
គ្រាប់បាល់យប់មិញនេះដែរ ជាការតាមស្មើ១ទល់នឹង១ ក្រោយក្រុមមកពីអូទ្រីសបើកការនាំមុខដោយការទាត់ទះផ្លាកពីចម្ងាយរបស់ Philipp Wiesinger នៅនាទី៥៥។
ពីរនាទីក្រោយមក Ligard ទាត់មួយទល់មួយជាមួយអ្នកចាំទីរបស់ LASK បានយ៉ាងល្អ។
ដល់នាទី៨៨ Anthony Martial ទាត់ចូលប្រឡោះជើងអ្នកចាំទីឲ្យបិសាចក្រហមនាំមុខ២ទល់នឹង១។
ដូច្នេះសរុបទាំងពីរជើង គឺ Manchester United ឈ្នះ៧ទល់នឹង១ ហើយឡើងទៅវគ្គ៨ក្រុម ថ្ងៃ១០ សីហា ប៉ះក្លិបដាណឺម៉ាក Copenhagen ដែលបានទម្លាក់ក្លិបទួរគី İstanbul Başakşehir៕