ប្រធានសហព័ន្ធបារាំងរងការរិះគន់រឿងមិនគោរព Zidane
ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) Noel Le Graet បានបង្កភាពចម្រូងចម្រាសចំពោះសេចក្តីថ្លែងការណ៍របស់លោកដែលត្រូវបានគេនិយាយថាមិនគោរពចំពោះគ្រូបង្វឹក Zinedine Zidane ។
នៅក្នុងបទសម្ភាសថ្មីៗនេះនៅលើ RMC Sport យប់ថ្ងៃទី០៨ ខែមករា លោក Le Graet នៅពេលដែលត្រូវបានសួរអំពីអនាគតរបស់ Zidane ក្នុងក្រុមជម្រើសជាតិបារាំង បានឆ្លើយតបថា “Zidane នឹងដឹកនាំប្រេស៊ីល? ខ្ញុំមិនខ្វល់។ ខ្ញុំមិនបានជួប Zidane ទេ។ គាត់មិនបានព្យាយាមទូរស័ព្ទមកខ្ញុំទេ ហើយខ្ញុំក៏មិនបានតេទៅគាត់ដែរ។ FFF មិនដែលបោះបង់ Didier Deschamps ទេ។ ប្រហែលជាអ្នកគួរតែបង្កើតកម្មវិធីផ្ទាល់ខ្លួនរបស់អ្នក ដើម្បីស្វែងរកកន្លែងថ្មីសម្រាប់ Zidane។”
សេចក្តីថ្លែងការណ៍របស់ Le Graet ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី FFF បានបញ្ជាក់ពីការបន្តកិច្ចសន្យាជាមួយគ្រូបង្វឹក Deschamps រយៈពេល៣ ឆ្នាំកន្លះទៀត ពោលដល់ខែមិថុនា ឆ្នាំ២០២៦៕