អង្គរថាយហ្គឺរ បានត្រឹមចែកពិន្ទុគ្នាជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០ នាសប្តាហ៍ទី០៦ ដោយក្រុម អង្គរថាយហ្គឺរ បានត្រឹមចែកពិន្ទុគ្នាជាមួយម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ពោលគឺចប់ ៩០នាទី ជាលទ្ធផល ២ ទល់ ២ នាកីឡដ្ឋាន EDC មុននេះបន្តិច។
នៅក្នុងការប្រកួតវគ្គទី១ ក្រុមភ្ញៀវបានធ្វើការនាំមុខមុន នៅនាទី២៦’ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធប្រេសុីល Cristiano ប៉ុន្តែអ្វីត្រូវបានប្រែប្រួលនៅវគ្គទី២ បន្ទាប់ពីម្ចាស់ផ្ទះតាមស្មើមកវិញដោយកីឡាករ សៀន សុភត្រ្តា នៅនាទី៥៦’ និងធ្វើការនាំមុខវិញ នៅ ១០ នាទីបន្ទាប់ ដោយកីឡាករ ឈួត សុិនឡេង ពោលគឺនាទៅ៦៦’។ ទោះជាយ៉ាងណាក៏ដោយ អង្គរថាយហ្គឺរ បើកការសម្រុកយ៉ាងខ្លាំងរហូតតាមស្មើមកវិញ ដោយអតីតខ្សែប្រយុទ្ធស្លាបជម្រើសជាតិកម្ពុជា តាំង សុភ័ក្រ្ត នៅនាទីទី ៨៦’ ។
ដូច្នេះហើយ ក្រោយចប់ការប្រកួតនេះធ្វើក្រុម អគ្គិសនីកម្ពុជា ឡើងមកឈរនៅលេខ៩ ដោយបង្ហាញខ្លួន ៦ លើក ឈ្នះម្តង ស្មើ ២ ដង និងចាញ់ ២ ដង ស្របពេលដែល ក្រុមមានមហិច្ចតាខ្ពស់ចង់គ្រងជើងឯករដូវកាលនេះ អង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់លេខ៥ ដោយបង្ហាញខ្លួន ៦ លើក ឈ្នះ ២ ដង ស្មើ ៣ ដង និងចាញ់ម្តង៕