
Ole Gunnar Solskjaer ដាក់គោលដៅដឹកនាំ Man UTD មិនឱ្យចាញ់គ្រប់ការប្រកួតដែលនៅសល់
គ្រូបង្វឹក Ole Gunnar Solskjaer បានដាក់គោលដៅក្នុងការដឹកនាំ Manchester United មិនឱ្យចាញ់គ្រប់ការប្រកួតដែលនៅសល់នៅក្នុងរដូវកាលនេះ។
ក្រុមរហស្សនាមបិសាចក្រហមបានបាត់បងឱកាសក្នុងការប្រជែងពានរង្វាន់ Premier League និង EFL ហើយ ដោយនៅសល់តែការប្រកួតប្រជែងពានរង្វាន់ FA Cup និង Europa League តែប៉ុណ្ណោះនៅក្នុងដៃ។
អតីតខ្សែប្រយុទ្ធខាងលើបានថ្លែងថា៖ “ខ្ញុំបាននិយាយជាមួយសមាជិកទាំងអស់ ដោយខ្ញុំបានដាក់គោលដៅឱ្យពួកគេធ្វើការប្រកួតប្រជែងថ្មី ពោលគឺមិនឱ្យចាញ់សូម្បីមួយប្រកួតដែលនៅសល់ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់របស់ក្រុម។ ខ្ញុំគិតថាពួកយើងអាចធ្វើបាន បើទោះបីជាវាមានការលំបាកយ៉ាងក្តី ពួកយើងនឹងខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព”។

គួរឱ្យដឹងថា ក្រុមរបស់គ្រូបង្វឹកសញ្ជាតិន័រវេសឥឡូវនេះកំពុងស្ថិតនៅលេខ៥ក្នុងតារាងពិន្ទុក្របខ័ណ្ឌកំពូលអង់គ្លេសដោយកំពុងតែព្យាយាមក្នុងការប្រជែងយកតំបន់ Top4 សម្រាប់ទទួលបានកៅអីទៅលេងនៅពានរង្វាន់ UEFA Champions League នារដូវកាលក្រោយផងដែរ។