កីឡដ្ឋានធំចំនួនពីរដែលប្រើប្រាស់ក្នុងលីហ្គកំពូលបាល់ទាត់កម្ពុជាបាញ់ថ្នាំការពារ Covid-19
ដើម្បីការពារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាកីឡដ្ឋានបាល់ទាត់ធំចំនួនពីរបាន ចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគបើទោះបីជាមិនមានការប្រកួតក៏ដោយ ក្នុងនោះមានកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា នឹងកីឡដ្ឋាន SRU ដែលមានមូលដ្ឋាននាខេត្តសៀមរាប ដែលកំពុងប្រើប្រាស់ដោយក្លិបបាល់ទាត់ពីរក្នុងលីហ្គកំពូលកម្ពុជាដែលមានក្លិប សូលទីឡូអង្គរ ជាមួយក្លិប អង្គរថាយហ្គឺរ ។
កីឡដ្ឋានរបស់ក្លិបបាល់ទាត់ផ្សេងៗក្នុងប្រទេសកម្ពុជាក៏បានរៀបចំការពារចំពោះបញ្ហាជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងយ៉ាងខ្លាំងក្នុងបណ្តាប្រទេសជុំវិញពិភពលោក ខណៈព្រឹត្តិការណ៍បាល់ទាត់ និងលីហ្គបាល់ទាត់ជាច្រើនបានផ្អាកការប្រកួត រួមទាំងការប្រកួតលីហ្គកំពូលបាល់ទាត់កម្ពុជារបស់យើងផងដែរ ។
កីឡដ្ឋានទាំងពីរខាងលើបានបាញ់ថ្នាំសម្លាប់មេរោគ ទាំងទីលានប្រកួត ក៏ដូចជាបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាករ កន្លែងហាត់ប្រាណ កន្លែងអង្គុយរបស់អ្នកទស្សនា និងកន្លែងផ្សេងៗទៀតក្នុងកីឡដ្ឋាន ។ សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីនេះផងដែរ ដោយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយដោយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ៨៦ នាក់ហើយ ៕