ការប្រកួតនៅខេត្តសៀមរាប ២លើក ត្រូវផ្លាស់ប្តូរទីលានដោយសារ Covid-19
ការប្រកួត ២លើក ដែលគ្រោងធ្វើឡើងនាកីឡដ្ឋាន SRU នៃជំនួបក្នុងលីគកំពូលកម្ពុជា សប្តាហ៍ទី៥ ត្រូវបានផ្លាស់ប្តូរទីលានប្រកួតវិញ ដោយសារតែការពារពីជំងឺថ្មី Covid-19 នៅពេលដែលរកឃើញមានអ្នកផ្ទុកកូរ៉ូណានេះ នាខេត្តសៀមរាប ។
ក្រុមអង្គរថាយហ្គឺរ ដែលត្រូវទទួល ភ្នំពេញក្រោន បានសម្រេចរួមគ្នាដោយនឹងធ្វើការផ្លាស់ប្តូរទឹកដីពីកីឡដ្ឋាន SRU មកកាន់កីឡដ្ឋាន Smart RSN វិញ ខណៈការប្រកួតត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ក្នុងសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា រដូវកាល២០២០។ ចំណែកការប្រកួតរវាង សូលទីឡូអង្គរ ជាមួយ នគរបាលជាតិ ក៏ត្រូវផ្លាស់ប្តូពីកីឡដ្ឋាន SRU មកកីឡដ្ឋាន AEU SPORT PARK វិញ ដើម្បីជាការរួមគ្នាប្រយុទ្ធប្រឆាំង ក៏ដូចជាបង្ការបញ្ហាប្រឈមមួយចំនួនក្នុងអំឡុងពេលដែលវីរុសកូរុណាថ្មី ឬ Covid-19 កំពុងកើតមានលើបុរសជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាបនោះ។
សម្រាប់ពេលវេលាក៏ត្រូវប្តូរផងដែរ ជំនួបនៅកីឡដ្ឋាន SRU វេលាម៉ោង ៣រសៀល ខណៈបានធ្វើការផ្លាស់មកកាន់កីឡដ្ឋាន Smart RSN វេលាម៉ោង ៦ល្ងាចវិញ រវាង អង្គរថាយហ្គឺរ ជាមួយ ភ្នំពេញក្រោន ស្របពេលដែល សូលទីឡូអង្គរ ជាមួយ នគរបាលជាតិ នឹងត្រូវប្រកួតម៉ោង ៣:៣០ នាទីរសៀល៕