ពានរង្វាន់លីគកំពូលកម្ពុជា ១០ឆ្នាំ ឲ្យគត់ទើបបន្ថែមប្រាក់រង្វាន់
កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញសេចក្តីប្រកាសអំពីការតម្លើងប្រាក់រង្វាន់ នៅជ័យលាភីទាំង១០ នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នារដូវកាល២០២០ នេះ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ គ្រប់រយៈពេល ១ទសវត្សរ៍ល្មម ឫ ១០ឆ្នាំ ដែលក្រុមហ៊ុន Metfone បានឧបត្ថម្ភសម្រាប់លីគកំពូលកម្ពុជា ដោយគិតចាប់តាំងពីឆ្នាំ២០១០មក។ ដោយឆ្នាំដំបូងក្លិបភ្នំពេញក្រោន ជាជើងឯកនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០១០ តែម្តង ដោយទទួលបានទឹកប្រាក់សរុប ៦០លានរៀល។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះបន្តរហូតមកដល់រដូវកាល២០១៩ ដោយក្រុម ព្រះខ័នរាជស្វាយរៀង ជាអ្នកគ្រងចំណាត់ថ្នាក់លេខ១ ស្របពេលដែលប្រាក់រង្វាន់ទទួលបាន ៦០លានរៀលដូចគ្នា។
សម្រាប់ជ័យលាភីទាំង១០ នៃការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ មានដូចខាងក្រោម៖
១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥០លានរៀល)
២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)
៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥០លានរៀល)
៤/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៤ (៤០លានរៀល)
៥/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៨លានរៀល)
៦/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)
៧/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)
៨/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)
៩/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)
១០/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)
គួរបញ្ជាក់ផងដែរថា សម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន ក៏បានបន្ថែមប្រាក់រង្វាន់ដូចគ្នា ពោលគឺ ក្រុមជើងឯកថ្នាក់ខេត្តទទួលបានទឹកប្រាក់ ១៥លានរៀន ខណៈដែលក្រុមជើងឯកថ្នាក់ជាតិ ទទួលបានទឹកប្រាក់ ១០០លានរៀន នារដូវកាលថ្មី២០២០ ៕