Dele Alli ចេញមុខសុំទោសជាសាធារណៈ ក្រោយបង្ហោះវីដេអូលេងសើចទាក់ទង់និងវីរុស កូរ៉ូណា
“ខ្ញុំកំពុងធ្វើអោយខ្លួនឯង និងក្លឹបធ្លាក់ចុះ” នេះជាការសារភាពកំហុសរបស់ Dele Alli ខ្សែបំរើវ័យ២៣ឆ្នាំ របស់ Tottenham Hotspurs។
កីឡាករសញ្ជាតិអង់គ្លេសបានថតវីដេអូខ្លីនៅក្នុងព្រលានយន្តហោះ ដោយគេបានថតបុរសជនជាតិអាស៊ីម្នាក់ដើរពាក់ម៉ាស់ពីចំងាយ បន្ទាប់មកគេរួសរាន់ទៅប្រើទឹកលាងដៃរួចនិយាយថា អាមេរោគវាមកដល់ឥឡូវហើយ ។ បន្ទាប់មក Alli ក៏បានយកវីដេអូនោះបង្ហោះក្នុងបណ្តាញសង្គមហើយដាក់ចំណងជើងថា “បើកសំលេងស្តាប់អោយច្បាស់ ទើបដឹងថា កូរ៉ូណា អ្វី(sic)”។
ឥឡូវនេះ សមាជិកក្រុមមាន់ខ្នាយមាសដែលរកបាន១សែនផោនក្នុងសប្តាហ៍កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងនៅតាមបណ្តាញសង្គមក្រោយពីបង្ហោះវីដេអូបែបនេះ។
គួរឱ្យដឹងថា តាមការចុះផ្សាយរបស់ការសែតថ្មីៗនាព្រឹកនេះ ទិន្នន័យរបស់គណៈកម្មាធិការសុខាភិបាលជាតិចិន ដោយគិតត្រឹមម៉ោង ៧ និង៣០ នាទី ព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ នេះ បង្ហាញថា អ្នកស្លាប់ដោយសារកូរ៉ូណាវីរុសកើនដល់៩១០នាក់ ខណៈតួលេខកាលពីម្សិលមិញ គឺ៨១៣នាក់។ អ្នកស្លាប់ស្ទើរតែទាំងអស់ស្ថិតក្នុងប្រទេសចិន ជាពិសេសក្រុងវូហាន ទីតាំងដែលផ្ទុះជំងឺដំបូង ក្រៅពីនោះ មាន១ករណីនៅហ្វីលីពីន និង១ករណីទៀតនៅហុងកុងដែលជាតំបន់រដ្ឋបាលពិសេស៕