ម្ចាស់មេដាយមាស ចេសា ខាន់ គ្រោងបើកមជ្ឃមណ្ឌលហ្វឹកហាត់កីឡាជឺជីតស៊ូ(Jiu-Jitsu)នៅកម្ពុជា
ក្រោយពីបានជួយអោយកម្ពុជាឈ្នះមេដាយមាសវិញ្ញាសា ជឺជិតស៊ូ នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន និង Asian Game 2018 កីឡាការិនីកូនខ្មែរកាត់អាមេរិក ចេសា ខាន់ មានបំណងបើកមជ្ឃមណ្ឌលកីឡាហ្វឹកហ្វឺនផ្នែកជឺជិតស៊ូ (Jiu-Jitsu) នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលកីឡាខ្មែរអោយមានជំនាញនេះខ្លាំងដូចជារូបនាង ។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីកីឡារបស់ CNC ម្ចាស់មេដាយមាសកីឡា Asian Game ២០១៨ របស់កម្ពុជាបានអោយដឹងថា ៖ រូបនាងមានគម្រោងបើកជាមជ្ឃមណ្ឌលហ្វឹកហាត់កីឡា ជឺជិតស៊ូ (Jiu-Jitsu) នៅប្រទេសកម្ពុជានាថ្ងៃណា ដើម្បីបណ្តុះបណ្តាលកីឡាករ កីឡាការិនីខ្មែរដែលស្រលាញ់ផ្នែកកីឡានេះអោយមានខ្លាំងនិងមានជំនាញច្បាស់ ។ កីឡាការិនីដែលមានឳពុកជាជនជាតិខ្មែរបន្ថែមថា បើសិនមានការឧបត្ថម្ផណាមួយក្នុងផ្គត់ផ្គង់សម្រាប់ការបើកក្លិបនេះ រូបនាងនឹងចំណាយពេលវេលាមកបង្ហាត់ផ្ទាល់ដើម្បីអោយពួកគេទទួលបានជំនាញដូចជារូបនាងចឹងដែរ ។
ចេសា ខាន់ (Jessa Khan) កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ នៅតំបន់ Corpus Christi រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នាងជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ដែលមានឪពុកឈ្មោះ Peter El Khan ដែលជនជាតិខ្មែរកើតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងម្តាយឈ្មោះ April Marie Khan អាមេរិកកាត់មិចស៊ីកូ ។ ចេសា ខាន់ បានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីរូបនាងកើតបាន៨ខែនឹងបានផ្តើមហ្វឹកហាត់កីឡា ជឺជិតស៊ូ (Jiu-Jitsu) តាំងពីនាងអាយុ៨ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំមក ចេសា ខាន់ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និងពិភពលោកជាច្រើនរហូតដល់ឆ្នាំ២០១៩នេះ ដោយមានឈ្នះមេដាយមាសជាច្រើន និងឈ្នះមេដាយមាសកីឡា Asian Game ២០១៨ រួមទាំងស៊ីហ្គេម ២០១៩ ជូនប្រទេសកម្ពុជាផងដែរ ៕