មកស្តាប់មតិយោបល់ខ្លះៗរបស់ប្រិយ៍មិត្តអ្នកគាំទ្រក្រុម City និង United មុននិងជំនួប Manchester Debby ចូលមកដល់
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅសប្តាហ៍ទី១២នារដូវកាលនេះយើងនិងធ្វើចំណាប់អារម្មណ៍ចំពោះការប្រកួតដ៏ធំដែលនិងកើតឡើងនៅក្នុងទីក្រុង Manchester គឺជាជំនួបគ្នារវាងក្រុម City និងUnited ដែលនិងធ្វើឡើងនាត្រីថ្ងៃអាទិត្យទី១១ វេលាម៉ោង ១១:៣០។
ថ្វីត្បិតតែ Manchester United គឺជាក្រុមដែលមានប្រវត្តិឈ្នះពានរង្វាន់ច្រើនជាងគេនៅអង់គ្លេសក៏ពិតមែន តែវាបានក្លាយទៅជារឿងអតីតទៅហើយចាប់តាំងតែពីការចាកចេញរបស់វិរបុរស Sir Alex Ferguson។
Manchester City ក៏បានក្លាយជាតារាមួយដួងដែលបាននិងកំពុងរះចិញ្ចែងចិញ្ចាចនាពេលបច្ចុប្បន្ននៅ Premier League។ ស្របពេលដែលក្រុមទាំងពីរនិងប៉ះប្រកួតគ្នានៅជើងទីមួយនាកីឡដ្ឋាន Etihad Stadium នាយប់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ MSR បានធ្វើការសាកសួរអំពីមតិយោបល់ខ្លះៗចំពោះការប្រកួតខាងលើនេះទៅកាន់អ្នកគាំទ្រក្រុម Manchester City ២និង Manchester United ២រូបដែរ។
ក្នុងនាមជាអ្នកសារព័ត៌មានផ្នែកកីឡាដ៏លេចធ្លោមួយរូបនៅកម្ពុជានាពេលបច្ចុប្បន្ននិងជាអ្នកគាំទ្រក្រុមបាល់ទាត់ Manchester City ម្នាក់ដែរនោះលោក ស្រ៊ឺ ស្រេង (សំណព្វ) បានបញ្ចេញអំពីទស្សនៈរបស់ខ្លួនទាក់ទងទៅនិងការប្រកួតនាថ្ងៃអាទិត្យនេះថា៖ តំបន់ទាំងបីរបស់ City គឺ ការពារ បម្រើ ប្រយុទ្ធ សុទ្ធតែល្អទាំងអស់ ប្រសិនបើគេធៀបទៅនិងក្រុម United ដែលមានទម្រង់លេងម្តងឡើងម្តងចុះដូចពេលបច្ចុប្បន្ននេះកុំថាឡើយឈ្នះ ទោះទប់យកត្រឹមតែស្មើក៏យ៉ាប់ដែរ។ ដូចនេះបានន័យថា Manchester City មានឱកាសឈ្នះច្រើនជាង តែលោកមិនមែនបានន័យថា United និងមិនមានឱកាសសូម្បីតែស៊ុតនោះឡើយ។
រីឯលោក ឆន ទិត្យ ដែលជាអ្នកប្រឡូកក្នុងវិស័យកីឡាតាមរយៈការសរសេរជាព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរនោះ ក៏បានធ្វើការចាប់អារម្មណ៍អំពីការប្រកួតខាងលើក្នុងនាមជាអ្នកគាំទ្រមួយរូបរបស់ Manchester City ដែរថា៖ ដោយសារតែលោក Mourinho ផ្តោតយកចិត្តទុកដាក់លើប្រព័ន្ធការពារខ្លាំងពេក ដូចនេះក្រុមរបស់លោក Pep ដែលផ្តោតទៅលើការគ្រប់គ្រងបាល់ជាមូលដ្ឋាននោះ ប្រហែលជាពិបាករកគ្រាប់បាល់ពីក្រុម United បន្តិច។ ដោយបានបន្ថែមលើការកត់សម្គាល់ថាក្រុម United ពីរប្រកួតចុងក្រោយនេះទទួលជ័យជម្នះរហូតគឺឈ្នះ Everton 2-1 និងឈ្នះ Bournemouth 2-1 ដែរនោះបានធ្វើអោយលោក ទិត្យ គិតថាការប្រកួតនេះនិងបញ្ចប់ដោយលទ្ធផលស្មើគ្នា បើទោះជា Man City ទើបតែឈ្នះក្រុម Southampton 6-1 ក៏ពិតមែនក៏មិនមែនបានន័យថានិងឈ្នះ Man UTD ដោយស្រួលៗដែរ។
យើងងាកមកមើលការលើកឡើងអំពីជំនួប Manchester Debby ដោយលោក មួន សុគន្ធតារា ដែលជា Admin Page អ្នកគាំទ្រក្រុម Manchester United ដ៏ល្បីល្បាញឯណេះវិញបានប្រាប់អំពីចំណាប់អារម្មណ៍របស់ខ្លួនដែរថា៖ ទោះជាលោក Mourinho មានទម្លាប់ប្រើប្រាស់ក្បួនការពារជាធំក៏ពិតមែន តែគុណវិបត្តិរបស់ United ក៏ជាប្រព័ន្ធការពារនេះដែរ ជារឿយៗក្រុមរបស់លោកតែងតែត្រូវគូប្រកួតស៊ុតបញ្ចូលទីនាំមុខមុនជានិច្ច។ ភាពខ្វះខាតបែបនេះហើយទើបធ្វើអោយ United ពិបាកឈ្នះ City ដែលកំពុងតែខ្លាំងនាពេលបច្ចុប្បន្ននេះបានណាស់។ តែក្នុងនាមជាអ្នកគាំទ្រមួយរូបលោកសង្ឃឹមថា United និងអាចធ្វើបានល្អដូចកាលពីជំនួបនាពេលមុនដែល United អាចវាយបកយកឈ្នះ3-2វិញ។
ដោយឡែកលោក កែវ ដារា ដែលជាអ្នកគាំទ្រក្រុមបិសាចក្រហមដ៏ស្មោះស្ម័គ្រព្រមទាំងហ៊ានចំណាយប្រាក់កាសផ្ទាល់ខ្លួនទៅគាំទ្រ Man Utd ដល់ Old Trafford ដែរនោះក៏បានលើកពីចំណាប់អារម្មណ៍ទាក់ទងទៅនិងការប្រកួតរវាង Manchester City និង United ដែរថា៖ លទ្ធផលដែលមិនគាប់ប្រសើររបស់ United ស្ទើរតែវាយបំបាក់ទឹកចិត្តរបស់លោកលែងហ៊ានមើលការប្រកួតរបស់ក្រុមដែលដឹកនាំដោយខ្លាចាស់ Mourinho ទៅហើយ។ រីឯកីឡាករ Man Utd វិញក៏ហាក់ជាបាក់ទឹកចិត្តដូចលោកដែរ ដោយសារតែ Mourinho បានប្រើប្រាស់កីឡាករលេងខុសជំនាញ ជាក់ស្តែង Pogba បានជួយអោយបារាំងឈ្នះពានជាមួយនិងការបំពេញការងារបម្រើប្រយុទ្ធ ក៏ប៉ុន្តែគេបែជាលេងបម្រើការពារនៅក្នុងក្រុម Man Utd ទៅវិញ។ សរុបមកលោកមិនអាចថា United ឈ្នះបានទេនៅថ្ងៃអាទិត្យខាងមុខនេះ។ លោកថែមទាំងរំលឹកឡើងវិញថា ក្រុមជាទីស្រឡាញ់របស់លោកបានស្គាល់ភាពរុងរឿងក្រោមការដឹកនាំដោយ Sir Alex Ferguson ដែលគ្រប់ការប្រកួតយកការវាយលុកជាគោល ខុសពីការលេងរបៀបការពារជាធំនាពេលបច្ចុប្បន្ន។
ទាំងអស់នេះគឺជាមតិខ្លះដែល MSR បានសាកសួរទៅកាន់អ្នកគាំទ្រទាំងសងខាងតែប៉ុណ្ណោះ រីឯមតិនិងទស្សនៈរបស់ពួកគាត់ទាំង4ក៏ឆ្លុះបញ្ចាំងពីគំនិតផ្ទាល់ខ្លួនដែរ ដូចនេះសូមប្រិយ៍មិត្តកុំយកទៅវាយតម្លៃក្នុងផ្លូវអវិជ្ជមានណាមួយអោយសោះ។ សូមបញ្ជាក់ថាការប្រកួតរវាង Manchester City និង Manchester United និងមានធ្វើការផ្សាយបន្តផ្ទាល់តាមរយៈក្រុមហ៊ុនទូរទស្សន៍ CBS នៅរាត្រីថ្ងៃអាទិត្យទី11ខែវិច្ឆិកានេះចាប់ពីវេលាម៉ោង11:30ផងដែរ។ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដើម្បីអោយដឹងថាលទ្ធផលនិងក្លាយជាយ៉ាងណា?