
ស៊ីថូ ណាថាន់៖ បើលេង៩០នាទីបារាំងឈ្នះ ប៉ុន្តែបើលេង១២០នាទីគឺក្រូអាតជាអ្នកឈ្នះវិញ
ការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយនៅថ្ងៃនេះដោយក្រុមជម្រើសជាតិបារាំងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាតនាវេលាម៉ោង១០យប់ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។
ដោយឡែក លោកស៊ីថូ ណាថាន់ ប្រធានផ្នែកនាយកដ្ឋានកីឡារបស់ CBS ហើយក៏ជាអ្នកអត្ថាធិប្បាយជំនួបខាងលើនេះ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់បាល់ទាត់ពិភពលោកផងដែរ។

រូបភាព Facebook លោក ស៊ីថូ ណាថាន់
ធីករកីឡាសម្បូរវោហារចាក់ទឹកមិនលិចខាងលើបានប្រាប់មកកាន់ក្រុមការងារ MSR Sport ថា៖ “ការប្រកួតនេះ គឺជាសករាជនៃក្រុមបាល់ទាត់អឺរ៉ុប ដោយបារាំងនឹងវៃ ចំណែកឯក្រូអាតនឹងទប់ ហើយបារាំងនឹងប្រើទម្រង់លេងដោយប្រើវិធីសម្រុកត្រឹម៩០នាទីទៅលើក្រុមក្រូអាត ដើម្បីឈ្នះពានបាល់ទាត់ពិភពលោកដែលមាន៤ឆ្នាំម្តងនេះ។
ដោយឡែក ប្រសិនបើ ក្រូអាត អាចអូសក្រុមបារាំង ឱ្យបានគ្រាប់បាល់ស្មើរត្រឹម ៩០នាទី ហើយត្រូវបន្ថែមម៉ោង១២០នាទី ក្រូអាត អាចនឹងឈ្នះពានរង្វាន់ FIFA World Cup 2018 ដែលធ្វើឡើងក្នុងប្រទេសរុស្ស៊ីនេះ ព្រោះគេមានបទពិសោធន៍ក្នុងការលេងបន្ថែមម៉ោងបែបនេះចំនួន៣លើកជាប់ៗមកហើយ ពោលគឺនៅវគ្គ១៦ក្រុម, វគ្គ៨ក្រុម និង វគ្គ៤ក្រុមចុងក្រោយ។” នេះបើតាមការបន្ថែមរបស់កូនប្រុសលោកគ្រូ ម៉ា សេរី។
ក្រុមជម្រើសជាតិបារាំងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាតនាវេលាម៉ោង១០យប់ នៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 វគ្គផ្តាច់ព្រ័ត ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV)។ ដោយឡែកដៃគូនៅក្នុងការអត្ថាធិប្បាយគូដ៏ជក់ចិត្តនេះជាមួយលោកស៊ីថូ ណាថាន់ គឺពិធីករកម្ពស់ខ្ពស់ដ៏សង្ហា លោក វន រតនៈមនោរម្យ។

រូបភាព Facebook លោក ស៊ីថូ ណាថាន់