R.Martinez៖កីឡាករបែលហ្ស៊ិក អន្ទះសារចង់ប្រកួតជាមួយប្រេស៊ីល ខណៈសមត្ថភាពប្រហែលគ្នាតែមានប្រវត្តិខុសគ្នា
នៅខណៈពេលដែលប្រេស៊ីល កំពុងតែស្រេកឃ្លានពានរង្វាន់បាល់ទាត់ពិភពលោក World Cup លើកទី ៦របស់ខ្លួន បែលហ្ស៊ិកឯណ្ណេះ ក៏កំពុងតែត្រៀមខ្លួនដើម្បីកែប្រែប្រវត្តិសាស្ត្រថ្មីផងដែរ។ អ្នកចាត់ការទូទៅ និងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បានលើកឡើងថា ប្រាកដជាមានអ្វីពិសេសហើយ ទើបបានជាកីឡាកររបស់លោក អន្ទះសារមែនទែន ក្នុងការប្រកួតជាមួយប្រេស៊ីល។
ឆ្លើយតបជាមួយ BBC អំឡុងពេលមុនការប្រកួតមកដល់នៅថ្ងៃនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា៖ «ក្រុមទាំង២ មានគុណសម្បត្តិប្រហែលគ្នា។ តែអ្វីដែលខុសគ្នា គឺយើងមិនដែលឈ្នះ World Cup នោះទេ។ យើងមិនអាចរង់ចាំបានឡើយ! ខ្ញុំមានអារម្មណ៍ថា យើងត្រៀមរួចហើយ។ កាលពី ២ឆ្នាំមុន យើងបានប្រឹងប្រែងមែនទែន ដើម្បីបានឈានមកដល់ពេលនេះ»។
គួរជម្រាបជូនថា កីឡាករដែលលេចធ្លោរជាងគេបំផុត នៅក្នុងក្រុមបែលហ្ស៊ិក ត្រូវបានគេមើលឃើញសុទ្ធតែលេងនៅក្នុងក្របខណ្ឌ Premier League ដែលក្នុងនោះ រួមមាន Vincent Kompany, Thibaut Courtois, Kevin de Bruyne, Romelu Lukaku និង Eden Hazard។ ក្នុងព្រឹត្តិការណ៍ World Cup ប្រេស៊ីល និងបែលហ្ស៊ិក ជួបគ្នាលើកចុងក្រោយកាលពីឆ្នាំ ២០០២ ដោយកាលណោះ ប្រេស៊ីល បានឈ្នះ បែលហ្ស៊ិក ២ទល់នឹង០។ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ីនេះ បែលហ្ស៊ិក ពុំទាន់ស្គាល់ជាតិចាញ់ទេ ដោយឈ្នះគ្រប់ទាំង ៤ប្រកួត ខណៈប្រេស៊ីល ក៏ពុំដែលចាញ់ តែមានស្មើមួយប្រកួត៕