
Sergio Ramos ចេញចម្រៀងដើម្បីលើកទឹកចិត្តអេស្បាញ សម្រាប់ World Cup 2018
បន្ទាប់ពីប្រឈមនឹងរឿងអាស្រូវ បង្កររបួសដោយចេតនាលើខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah កាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ ឥឡូវនេះ Sergio Ramos ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្បាញ បានចេញចម្រៀងមួយបទ ដែលច្រៀងដោយខ្លួនឯងតែម្តង ដើម្បីអន្ទងប្រិយមិត្ត ឲ្យមកមើលពីឆន្ទៈល្អរបស់ខ្លួនវិញ។
Ramos បានចាប់ដៃគូជាមួយអ្នកចម្រៀងអាជីពអេស្បាញឈ្មោះ Demarco Flamenco ដើម្បីបង្កើតរួមគ្នានូវបទចម្រៀងជាភាសាអេស្បាញ មានចំណងជើងថា ‘Otra Estrella en tu Corazon’ ឬ មានន័យថា «តារាមួយទៀតកំពុងរះក្នុងបេះដូងអ្នក»។ ហើយបទនេះ ទើបតែចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ១មិថុនា ពោលគឺរយៈពេល ១៤ថ្ងៃ មុនការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី ចូលមកដល់។
អត្ថន័យក្នុងចម្រៀងនេះ មានដូចជា៖ «មកអេស្បាញ បញ្ចេញសម្លេងរបស់អ្នក ស្រែកឲ្យខ្លាំងៗ ស្រែកពីបំណងអ្នក គិតថាយើងអាចសម្រេចបានសមិទ្ធិផលមួយដ៏ល្អបំផុត យើងប្រយុទ្ធទាំងអស់គ្នា ដើម្បីទទួលបានដួងតារាមួយដែលពោរពេញដោយកិត្តិយស យើងត្រូវតែប្រឹង ហើយ La Roja (ក្រុមបាល់ទាត់ក្រហមរបស់អេស្បាញ ឬ ឈីលី) នឹងបង្ហាញខ្លួនម្តងទៀត»។
គួរជម្រាបជូនថា នេះមិនមែនជាលើកទី ១ទេ ដែលខ្សែការពារ Real Madrid វ័យ ៣២ ឆ្នាំរូបនេះ បានប្រឡូកជាមួយសិល្បៈចម្រៀង។ កាលពី Euro 2016 គាត់ក៏បានច្រៀងបទចម្រៀងមួយបទមានចំណងជើងថា ‘La Roja Baila’ ផងដែរ។
ដើម្បីចង់ដឹងថា តើសម្លេងរបស់ Ramos ពេលច្រៀងមានទឹកដមយ៉ាងណា សូមស្តាប់ និងទស្សនានៅទីនេះ៖