
អ្នកគាំទ្រជាង ៤៣ម៉ឺននាក់ ដាក់ញ្ញត្តិសុំឲ្យ UEFA និង FIFA ពិន័យ Sergio Ramos
មកដល់ពេលនេះ មានមនុស្សប្រមាណ ៤៣០,០០០នាក់ បានចុះហត្ថលេខាលើញ្ញត្តិ ដែលអំពាវនាវឲ្យស្ថាប័នបាល់ទាត់អឺរុប និងពិភពលោក UEFA និង FIFA ពិន័យលើកីឡាករ Sergio Ramos ដែលបានបង្កររបួសដោយចេតនា លើខ្សែប្រយុទ្ធ Liverpool កីឡាករអេហ្ស៊ីប Mohamed Salah អំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់អឺរុប Champions League កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅទីក្រុងគៀវ។
ក្រោយពីការប្រកួតដែលគ្រប់គ្នាបានមើលឃើញថា កីឡាករអេស្ប៉ាញ ប្រធានក្រុមអធិរាជ Real Madrid គឺ Sergio Ramos បានគៀបដៃ Mo Salah អតីតខ្សែប្រយុទ្ធអេហ្ស៊ីប Mido បានលើកឡើងថា នេះជាចេតនាបង្កររបួសរបស់ Ramos។ តាម Mido វាមិនមែនជារឿងចៃដន្យ ឬអចេតនានោះទេ គឺ Ramos ចង់ឲ្យ Salah របួសមិនបានលេងបន្តតែម្តង។
បន្ទាប់ពីការលើកឡើងនេះ អ្នកគាំទ្របានបង្កើតញ្ញត្តិមួយ ក្នុងគេហទំព័រ Change.org ដើម្បីអនុញ្ញាតឲ្យអ្នកដែលចង់ឲ្យ Ramos ត្រូវទទួលរងពិន័យ បានចុះហត្ថលេខាគាំទ្រចំពោះសំណើរនេះ។ គោលដៅរបស់ញ្ញត្តិនេះ គឺទទួលបានហត្ថលេខាចំនួន ៥០០,០០០ រួចគេនឹងយកទៅដាក់ឲ្យ UEFA និង FIFA ធ្វើការសម្រេច។
គួររម្លឹកជូនថា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃសៅរ៍ទី ២៦ឧសភា Real Madrid បានយកឈ្នះ Liverpool 3-1 ធ្វើឲ្យក្រុមអធិរាជសនេះ លើកពានរង្វាន់បាល់ទាត់អឺរុប ជាប់គ្នា ៣រដូវកាល (2016-2017-2018) និងជាពានលើកទី ១៣។ យ៉ាងណាមិញ ការប្រកួតនេះ បានបញ្ចប់ទៅដោយរូបភាពមិនរលូន ដោយមានអ្នកគាំទ្រ ឬ អ្នកស្រលាញ់កីឡាករ Mo Salah ឬ Liverpool មួយចំនួន យល់ថាជារឿងអយុត្តិធម៌ ឬ ក៏ជាជ័យជម្នះដ៏ស្មោគគ្រោករបស់ Real Madrid៕