កីឡាករម្នាក់ទាត់ចូលទីខ្លួនឯងដើម្បីបំផ្លាញផែនការគិតលទ្ធផលទុកជាមុន
ខ្សែការពារ Hashmin Musah បានទាត់បញ្ចូលទីក្រុមខ្លួនឯង គឺ Inter Allies FC ចំនួន២ដងក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលហ្គាណា កាលថ្ងៃទី១៧ ខែកក្កដា។
ក្នុងនាទី៧៨នៃការប្រកួតរវាង Inter Allies FC និង Ashanti Gold នាពេលនោះក្រុម Ashanti បាននាំមុខ 0ទល់នឹង៥មុន។ Hashim Musah របស់ Inter Allies ក៏ត្រូវបានផ្លាស់ប្ដូរចូល ហើយគេក៏បណ្ដើរទៅទាត់ចូលទីខ្លួនឯង។
ដល់នាទី៨២ ខ្សែការពាររូបនេះបានបន្តទាត់ចូលទីខ្លួនឯងទៀត ឲ្យ Ashanti Gold នាំមុខ០ទល់នឹង៧។ មិត្តរួមក្រុមរបស់គេបានព្យាយាមសួរដែរថាហេតុអីបានទៅទាត់ចូលទីខ្លួនឯងបែបនេះ។
ក្រោយការប្រកួត Musah និយាយថា រឿងហ្នឹងគេធ្វើឡើងដោយសារតែចង់រារាំងការគិតលទ្ធផលទុកជាមុន។ គេថា បានដឹងពីគម្រោងនេះពីមិត្តរួមក្រុម ហើយបានសន្យាជាមួយគ្រូបង្វឹកថា ប្រសិនបើគេបានចូលលេង គេនឹងបំផ្លាញគម្រោងដ៏អាក្រក់នេះ។
ជាចុងក្រោយ ក្រុមការងារបានសរសើរដល់ Musha។ ចំពោះសាមីក្លិប Inter Allies និយាយថា អត់បានដឹងពីរឿងនេះទេ ហើយពួកគេនឹងសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ហ្គាណា ក៏ដូចជាអាជ្ញាធរដើម្បីស៊ើបអង្កេត៕