ប្រធានក្រុម Man Utd Maguire៖ អង់គ្លេស មិនដាក់គោលដៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ!
(BC-99)
ការតែតបាល់បញ្ចូលទីជួយឱ្យ អង់គ្លេស ប្រកួតឈ្នះ អ៊ុយក្រែន ៤-០ ដោយប្រធានក្រុមបិសាចក្រហម Manchester United Harry Maguire បានធ្វើឱ្យខ្សែការពារតម្លៃថ្លៃរូបនេះមានសេចក្តីត្រេកអរក្រៃលែងដែលនេះគឺជាការជួយជ្រោមជ្រែងឱ្យក្រុមតោកំណាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EURO ជាថ្មីក្រោយពីក្រុមជម្រើសជាតិមួយនេះបានរង់ចាំអស់រយៈពេល ២៥ ឆ្នាំកន្លងមកហើយ។
Maguire ដែលមានវ័យ ២៨ ឆ្នាំបានប្រាប់ BBC ក្រោយការប្រកួត EURO 2020 វគ្គ ១/៤ ផ្តាច់ព្រ័ត្រចប់រួចរាល់ថា “នេះគឺជាអារម្មណ៍ដ៏អស្ចារ្យ។ ការត្រលប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ។ ខ្ញុំមិនចង់ឱ្យគេហៅពួកយើងថាជាក្រុមអន់ខ្សោយឡើយ។ យើងនៅសល់ការប្រកួតដ៏ធំមួយទៀតមុននឹងអាចឈានដល់វគ្គចុងក្រោយ។ ជាការពិតណាស់ក្រុមរបស់យើងមួយនេះមិនដាក់គោលដៅត្រឹមតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ យើងនឹងទៅឱ្យដល់ចំនុចចុងក្រោយបំផុតដែលនៅសល់តែក្រុមរបស់យើង”។
គួរបញ្ជាក់ថាក្រុមតោកំណាច អង់គ្លេស ដែលមិនទាន់ស្គាល់ពាក្យថាចាញ់មួយប្រកួតណាសោះក្នុងចំណោមការប្រកួតទាំង៥ដងនៅក្នុងព្រិត្តិការណ៍ដណ្តើមពានរង្វាន់ EURO 2020 នឹងត្រូវបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម ដាណឺម៉ាក នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃទី៨ខាងមុខនេះហើយខណៈដែល អ៊ីតាលី ដែលតទល់ជាមួយ អេស្ប៉ាញ ត្រូវធ្វើការប្រកួតនៅមុននេះមួយថ្ងៃពោលគឺរាត្រីថ្ងៃអង្គារ៍ឈានចូលថ្ងទី៧។ ក្រុមដែលឈ្នះនៅវគ្គ១/២ផ្តាច់ព្រ័ត្រនឹងត្រូវឡើងមកប៉ះគ្នាដណ្តើមពានរង្វាន់ជើងឯកនារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃទី១២វេលាម៉ោង ២ៈ០០ រំលងអាធ្រាត។