តោះមកស្គាល់កីឡាករឆ្នើម ៦ រូប សម្រេចចិត្តចូលនិវត្តន៍មុនរដូវកាល ២០២០ ចាប់ផ្តើម
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ បានឈានចូលដល់សប្តាហ៍ទី៥ ខណៈដែលពេលនេះត្រូវបានពន្យាពេលមិនទាន់បានកំណត់ថ្ងៃចាប់ផ្តើមនៅឡើយ ដោយសារបញ្ហាជំងឺកូវីដ ១៩ កំពុងរីករាលដាលក្នុងប្រទេសកម្ពុជា នឹងទូរទាំងពិភពលោក។ ក្នុងវិស័យបាល់ទាត់កម្ពុជាពុកម៉ែបងប្អូនចាប់អារម្មណ៍យ៉ាងខ្លាំងអំពីកីឡាករបរទេស នឹងក្នុងស្រុកដែលក្លិបធំៗបាននាំចូលមកពង្រឹងក្រុម ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានចាប់អារ្មណ៍ការបាត់មុខកីឡាករឆ្នើមមួយចំនួនដែលធ្លាប់បង្ហាញមុខលើទីលាននោះទេ ថ្ងៃនេះ MSR សូមលើកឡើងពីកីឡាករ ៦ រូប ដែលសម្រេចចិត្តចូលនិវត្តន៍មុនបើករដូវកាលមកជំរាបជូន។
១. ឃួន ឡាបូរ៉ាវី៖ បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយប្រឡូកអាជីពលើវាលស្មៅមួយនេះអស់រយៈពេល ១៣ឆ្នាំ (ឆ្នាំ២០០៧-២០១៩)។ ប៉ុន្ដែក្រោយប្រកាសព្យួរស្បែកជើងត្រឹមវ័យ ៣១ឆ្នាំ ម្ចាស់អាវលេខ ៩ រូបនេះ ក៏ទទួលបានតំណែងថ្មីភ្លាមៗ ជាមួយក្លឹបបឹងកេតដែរ ពោលគឺក្លឹបបានតែងតាំងរូបគេជាគ្រូបង្វឹករបស់សាលាបាល់ទាត់បឹងកេត។ ស្នាដៃរបស់កីឡាករ ឃួន ឡាបូរ៉ាវី វិញ រូបគេបានចាប់ផ្ដើមដំបូង ជាមួយក្លិបព្រះខ័នរាជស្វាយរៀង ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ ដោយបានជួយក្លិបលើកពាន Hun Sen Cup ២លើក ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១២ មុនផ្ទេរមកលេងឲ្យបឹងកេត នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដោយបានជួយក្លិបលើកពានលីគ ២លើក ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ និងពាន Hun Sen Cup ម្ដង ក្នុងឆ្នាំ២០១៩ រដូវកាលមុន។ ពានផ្ទាល់ខ្លួន ដូចជា ស្បែកជើងមាស ក្នុងពានរង្វាន់ Hun Sen Cup ចំនួន៤ និង ស្បែកជើងមាស ក្នុងពានរង្វាន់លីគកម្ពុជា ចំនួន១លើកផងដែរ ហើយមិនថែមតែប៉ុណ្ណោះ ហើយក៏ធ្លាប់ជាប់ឈ្មោះជាកីឡាករលេងល្អជាងគេក្នុងលីគ កាលពីឆ្នាំ ២០១៣ ទៀតផង ។
២. គឹម មករា៖ លេងនៅក្លឹបបឹងកេតចុងឆ្នាំ ២០១៤ និងបានឈប់ពីអាជីពជាអ្នកចាំទីនៅឆ្នាំ ២០២០ ស្របពេលគ្នាជាមួយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ក្រោយជើងរបស់លោកវះហើយមិនជាដូចដើម ខណៈដែលបច្ចុប្បន្នលោកជាគ្រូបង្វឹក U18 របស់ក្លឹបបឹងកេត។
៣. អ៊ុក សុធី៖ កីឡាករលេងក្នុងតំណែងខ្សែបម្រើបានប្រកាសព្យួរស្បែកជើងជាផ្លូវការក្នុងវ័យ ៣២ឆ្នាំ បន្ទាប់ពីជួយក្លិបភ្នំពេញក្រោនឈ្នះជើងឯកលីគកំពូល ២សម័យផងដែរនោះក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥។ សុធី បានចូលរួមជាមួយក្រោន កាលពីឆ្នាំ២០១១ ក្រោយផ្លាស់ពីក្រុមហ្វូតសាលម៉ូតូហោះ ហើយក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាទៀតផង។
៤. កែ វណ្ណៈ៖ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យទើបតែ ២៨ឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្រុមអគ្គិសនីកម្ពុជានារដូវកាល២០១៩។ កីឡាករមកពីខេត្តកណ្តាលរូបនេះ បានចាប់អាជីពដំបូងជាមួយក្លិបក្រសួងការពារជាតិ តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ នឹងបានឈ្នះពានសម្តេចហ៊ុនសែន ២លើក នឹងបានជាប់ជម្រើសជាតិ U-21, U-23 នឹងឈុតធំផងដែរ ស្របពេលដែលឆ្នាំ២០១៨ បានទៅចូលរួមជាមួយ បឹងកេត ខណៈដែលរដូវកាល២០១៩ លោក ប្រាក់ វុទ្ធី បាននាំមកចូលរួមជាមួយក្រុមអគ្គិសនីកម្ពុជា។
៥. ហែម សុីម៉ៃ៖ អ្នកចាំទីចាស់វស្សា ហែម សុីម៉ៃ បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករជាមួយក្លិបអង្គរថាយហ្គឺរ មុនពេលចាប់ផ្តើមរដូវកាលថ្មី២០២០ ។ សុីម៉ៃ ធ្លាប់ប្រឡូកក្នុងវិស័យបាល់ទាត់នេះចាប់តាំងពីឆ្នាំ២០០៤ មកម្លេះដោយកាលនោះ ជាអ្នកចាំទីរបស់ក្រុម Build Bright United រហូតដល់ឆ្នាំ២០១២, ក្នុងឆ្នាំ២០១៣ ចូលរួមជាមួយ គិរីវង់សុខសែនជ័យ, ឆ្នាំ២០១៣ មហាវិទ្យាល័យ អាសុីអឺរ៉ុប(អាសុីអឺរ៉ុប យូណាយធីត) នឹងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន អង្គរថាយហ្គឺរ (ពីមុនខេមបូឌាថាយហ្គឺរ) ហើយក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាដែរកាលពីឆ្នាំ២០០៨ នឹងបានបង្ហាញខ្លួន ២លើក ផងដែរ។
៦. សួង វិរៈ៖ បានចម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់នាឆ្នាំ២០១៩ ជាមួយក្លិបណាហ្គាវើលដ៍ ។ វិរៈ បានលេងឲ្យក្រុមបាល់ទាត់អាជីពជាច្រើនមានដូចជា ខេមរាកីឡា ពីឆ្នាំ២០០៥-២០០៦ មុនពេលនៅចន្លោះឆ្នាំ២០០៦-២០០៩ ខ្សែប្រយុទ្ធរូបនេះ សម្រាកលេងបាល់មួយរយៈ។ ចូលទីលានវិញដោយលេងឲ្យការពារជាតិ ឆ្នាំ២០០៩-២០១០ មុនបន្តចូលរួមជាមួយ ភ្នំពេញក្រោន ក្នុងឆ្នាំ២០១០-២០១១ បន្តផ្លាស់ទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១១ ហើយសម្រាក១ឆ្នាំពីលីគកំពូលមុនចាប់ផ្ដើមសាជាថ្មីនៅបឹងកេត ឆ្នាំ២០១៣ លេងបាន ១រដូវកាល ប្ដូរទៅត្រាយអាស៊ី ពីឆ្នាំ២០១៣-២០១៤ ហើយក្លិបនេះដូរម្ចាស់ និងដូរឈ្មោះ ទៅជាខេមបូឌានថៃហ្គ័រ ពីឆ្នាំ២០១៤ ស្របពេល វិរៈ បន្តលេងដល់ឆ្នាំ២០១៦ មុនចាកចេញ។ ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ននេះ សួង វិរៈ ណាហ្គាវើលដ៍ មុនពេលចូលនិវត្តន៍ នឹងបានលើកពានលីគកំពូលនៅទីនេះផងដែរ។
សូមរំលឹកថា ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាល២០២០ ត្រូវបានពន្យាពេលប្រកួត ដោយសារតែជំងឺថ្មីនេះផងដែរ ដោយមិនទាន់កំណត់ថ្ងៃវិលមកប្រកួតធម្មតាបាននោះឡើយដោយត្រូវរង់ចាំបញ្ហាជំងឺកូវីដនេះ ត្រូវបានបញ្ចប់ជាមុនសិន ខណៈគិតត្រឹមថ្ងៃនេះកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវិដនេះចំនួន ៩៦ នាក់ហើយ ៕