អ្នកចាំទី ស៊ូ យ៉ាទី ចាប់ផ្តើមហ្វឹកហាត់វិញបាន១សប្ដាហ៍ ប៉ុន្តែមិនទាន់ច្បាស់ពេលវិលត្រលប់មកទីលានវិញ
អ្នកចាំទីណាហ្គាវើល ស៊ូ យ៉ាទី បានចូលហ្វឹកហាត់វិញចំនួន ១សប្ដាហ៍ហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសឆ្អឹងប្រអប់ដៃខាងឆ្វេងបាន៣ ខែ។
អ្នកចាំទីដៃទី១របស់ក្រុមគោព្រៃកម្ពុជាបានឲ្យដឹងថា រយៈពេល១សប្តាហ៍នេះរូបគេគ្រាន់តែហ្វឹកហាត់ចាប់បាល់តិចៗសិនប៉ុណ្ណោះ ពោលគឺមិនទាន់ហ៊ានសម្រុកហាត់ឡើយខ្លាចមានការប៉ះពាល់។ ចំពោះស្ថានភាពរបួសគឺជាសះស្បើយហើយ បន្ទាប់ពីសម្រាកព្យាបាលចំនួន ៣ ខែកន្លងមក។ យ៉ាងណាក្តីគេមិនទាន់ច្បាស់ថា អាចវិលមករកភាពដើមវិញ ដោយហាត់បានពេញលេញនៅពេលណានោះទេ។
គួររំលឹកថា របួសរបស់អ្នកចាំទី ស៊ូ យ៉ាទី កើតឡើងក្នុងអំឡុងពេលរូបគេប្រកួតទល់ក្រុមវិសាខា ដោយធ្វើឲ្យរូបគេអវត្តមាននៅលើទីលាន ខណៈណាហ្គាវើលក្លាយជាជើងឯកនៅក្នុងក្របខ័ណ្ឌបាល់ទាត់កម្ពុជាកាលពីរដូវកាលមុន៕
រូបភាព៖ Metfone Cambodia League