៣ក្រុមកក់កៅអីវគ្គ៤ក្រុមពានសម្ដេច នៅចាំតែអ្នកឈ្នះរវាងក្រោន និងគិរីវង់
ពានសម្ដេចអគ្គមហាសេនាបតីតេជោលើកទី ១៧ រកឃើញ ៣ ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ ក្រុមការពារជើងឯក វិសាខា, ក្រុមជើងឯក ៤ សម័យ ព្រះខ័នរាជស្វាយរៀង, និង ក្រុមជើងឯកមួយសម័យបឹងកេត។ ទាំង ៣ ក្រុមនេះសុទ្ធតែមានបទពិសោធន៍ឈ្នះពានដូចគ្នា។
វិសាខា មិនអាចឈ្នះក្រុមព្រៃវែងបានទេនៅជើងទី វគ្គ ៨ ក្រុមដោយបញ្ចប់ត្រឹម ០-០ ត្រឹម ៩០ នាទី ប៉ុន្តែ យ៉ាងណាក្ដី ក្រុមរបស់លោក មាស ចាន់ណា បានយកឈ្នះក្រៅដីរួចហើយដោយលទ្ធផល១-០ និង ជាលទ្ធផលគ្រប់គ្រាន់ដើម្បីឡើងវគ្គ ៤ ក្រុមជាលើកទី៤។
ព្រះខ័នរាជស្វាយរៀង ដែលដឹកនាំដោយលោក Pep Muñoz បានដាប់ក្រុមណាហ្គាវើលដ៍ដល់ ៦-០ សម្រាប់ជើងទី២ នៅមុខអ្នកគាំទ្ររបស់ខ្លួនឯកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីឈ្នះជើងទី១ ក្នុងលទ្ធផល ៤-១ នៅខេត្តកំពង់ស្ពឺ។ បើសរុបទាំងពីរជើង ស្វាយរៀងឈ្នះរហូតដល់ ១០-១។ នេះជាលទ្ធផលវគ្គ ៨ក្រុមដែលទាត់បញ្ចូលទីច្រើនគ្រាប់សរុបទាំងពីរជើង មិនធ្លាប់មានតាំងពីពាននេះកកើតមក ជាពិសេសក្រុមខ្លាំងលំដាប់លីគកំពូលជួបគ្នាទៀត។
ចំណែក បឹងកេត ចិត្តនឹងណាស់ ព្រោះជើងទី១ ស៊ី អាយ អេស អាយ ដង្កោសែនជ័យ ៤-២ នៅដីខ្លួនឯងនៅពហុកីឡដ្ឋានជាតិ ហើយជើងទី២ក៏តាមយកលទ្ធផលដូចគ្នាដែរ។ សរុបទាំងពីរជើង បឹងកេត ឈ្នះ ៨-៤ ឡើងទៅវគ្គ ៤ ក្រុមចុងក្រោយជាលើកទី ៦ របស់ពួកគេ។
ការប្រកួតវគ្គ៤ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែ មីនា សម្រាប់ជើងទី ១ និង ជើងទី២ នៅថ្ងៃទី ១០ ខែ មេសា។ ព្រះខ័នរាជស្វាយរៀង ជួប បឹងកេត ខណៈ វិសាខា រង់ចាំអ្នកឈ្នះរវាង ភ្នំពេញក្រោន និង គិរីវង់សុខសែនជ័យ ដែលត្រូវលេងនៅថ្ងៃទី ២៨ កុម្ភៈ ចុងខែនេះ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ឬ ដណ្ដើមយកលេខ៣គ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មេសា ខាងមុខ។
គួរបញ្ជាក់ថា ពីវគ្គ ១៦ និង ៨ក្រុមប្រើរូបមន្តលេងក្នុងដី និង ក្រៅដី ប៉ុន្តែ បើស្មើគ្រាប់បាល់គ្នា គឺ ប៉េណាល់ទីកាត់សេចក្ដីម្ខាង ៥ នាក់។ បែបណាក្ដីអត់មានក្រុមណាស្មើគ្រាប់បាល់គ្នាទេ។ ពេលឡើងដល់វគ្គ ៤ ក្រុម ឬ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេងក្នុង និង ក្រៅដីដូចគ្នា។ បើសិនគ្រាប់បាល់ស្មើគ្នាទាំងពីរជើង គឺ ថែមម៉ោង ១៥ នាទីពីរដង។ បើករណីនៅស្មើទៀត គឺប៉េណាល់ទីកាត់សេចក្ដី ម្ខាង ៥ នាក់៕