Bayern កាន់តែឃ្លាតពិន្ទុពី Leverkusen ក្រោយចាញ់ Bochum ៣-២
ក្រុមការពារតំណែងជើងឯក Bayern Munich កាន់តែឃ្លាតឆ្ងាយពិន្ទុពីក្រុមកំពូលតារាង Bayer Leverkusen ទៀតហើយ ក្រោយចាញ់ Bochum ៣ទល់នឹង២។ ពោលក្រុមលោក Tuchel តាមពីក្រោយក្រុមលោក Xabi Alonso ៨ពិន្ទុ។ នេះក៏ជាបរាជ័យ៣លើកជាប់គ្នាដែរសម្រាប់ Bayern Munich។
លោក Tuchel គ្រូបង្គោល Bayern Munich ថ្លែងថា “ការឈ្នះពាន Bundesliga មើលទៅមិនប្រាកដប្រជាទេ។ យ៉ាងណា រដូវកាលមុន ពួកយើងជឿជាក់រហូតដល់ចុងបញ្ចប់ ហើយយើងបានទទួលរង្វាន់។ ដូច្នេះយើងនឹងបន្តធ្វើវា”។
Bayern ជាជើងឯកអាល្លឺម៉ង់ក្នុង១១លើកជាប់គ្នា តែឥឡូវនេះប្រឈមមុខនឹងលទ្ធភាពនៃការបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់។
ពួកគេបានចាញ់ក្នុងការប្រកួត German Super Cup ក្នុងខែសីហា ហើយបន្ទាប់មកបានធ្លាក់ចេញពី German Cup ចាញ់ក្រុម Saarbrucken មកពីលីគ៣ក្នុងខែវិច្ឆិកា៕