Pep ៖ Arsenal នឹងក្លាយជាបេក្ខជនប្រជែងជើងឯកនាពេលដ៏ខ្លីខាងមុខ
លោក Pep Guardiola អ្នកចាត់ការ Manchester City ជឿជាក់ថា លោក Mikel Arteta នឹងអាចជួយ Arsenal ទទួលបានជោគជ័យ។
លោក Pep ថ្លែងបែបនេះ “៖ខ្ញុំមិនមែននិយាយលើកទឹកចិត្តគាត់ (Arteta) អីទេ។ គាត់ដឹងច្បាស់ពីសមត្ថភាពរបស់គាត់។ អ្វីដែលគាត់សម្រេចបាន គឺជាស្នាដៃរបស់គាត់ និងសមាជិកក្រុមគាត់ ទាំងក្រុមការងារគ្រូអីហ្នឹង។ អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា ហើយគាត់ក៏ដូចគ្នា។ ២ឆ្នាំចុងក្រោយនេះ Arsenal ធ្វើបានកាន់តែប្រសើរ។ នាពេលអនាគត Arsenal នឹងក្លាយជាបេក្ខជនប្រជែងជើងឯក Premier League សាជាថ្មី។”
បុរសជនជាតិអេស្ប៉ាញថ្លែងបន្ត “៖ Arsenal មានក្រុមមួយប្រកបដោយគុណភាពខ្ពស់។ ពួកគេមាន Bukayo Saka, Pierre-Emerick Aubameyang និងកីឡាករល្អៗឯទៀតក្នុងតំបន់បម្រើ។”
Manchester City នឹងជួប Arsenal ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ការប្រកួត Premier League។ កាលជើងទីមួយ ក្រុមកាំភ្លើងធំចាញ់មេឃខៀវ១ទល់នឹង០។
Man City បច្ចុប្បន្នស្ថិតនៅកំពូលតារាង មាន៥៦ពិន្ទុ ខណៈ Arsenal មាន៣៤ពិន្ទុឈរលេខ១០។
គួររំឭកថា លោក Mikel Arteta ធ្លាប់ធ្វើជំនួយការលោក Pep Guardiola នៅ Manchester City ពីឆ្នាំ២០១៦ ដល់២០១៩ ពេលចូលដឹកនាំ Arsenal ដល់បច្ចុប្បន្ន៕