គ្រូភ្នំពេញក្រោន ថា ជាមោទកភាពដែលបានប៉ះក្រុមមកពីអូស្ត្រាលី
លោក Oleg Starynskyi គ្រូបង្គោលក្រុមភ្នំពេញក្រោន ទទូចថា មានមោទកភាពដែលបានប៉ះក្រុមមកពីអូស្ត្រាលី Macarthur FC ព្រោះជាប្រវតិ្តសាស្ត្រហើយ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនថ្លែងបែបនេះមុនក្រុមទាំង២ប៉ះគ្នាក្នុងវគ្គចែកពូល AFC Cup 2023 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម៉ោង៧យប់ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក Oleg ថ្លែងបែបនេះ “៖ យើងរង់ចាំការប្រកួតនេះ ព្រោះយើងមានគូប្រកួតដ៏ខ្លាំង។ នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រក្លិបនៅកម្ពុជាប៉ះជាមួយក្លិបអូស្ត្រាលី។ កម្រិតបាល់ទាត់អូស្ត្រាលីគឺល្អខ្លាំង ពួកគេអាចប្រកួតប្រជែងជាមួយក្លិបនៅតំបន់អឺរ៉ុប។ Macarthur FC គឺជាក្រុមដែលល្អ ប៉ុន្តែចាំមើលដល់ការប្រកួតដល់ទីបញ្ចប់សិន។ វាគឺមានភាពវិជ្ជមានសម្រាប់បាល់ទាត់កម្ពុជាផងដែរ ដែលបាល់ទាត់យើងបានទៅមុខហើយ មិនដូច ៥ ឆ្នាំមុននោះទេ។ ក្នុងពេលនេះយើងអាចប្រជែងជាមួយពួកគេបានក្នុងតំបន់ ខ្ញុំពិតជាមានមោទកភាពសម្រាប់ក្រុម។យើងនឹងប្រកួតដើម្បីទៅវគ្គបន្ទាប់ ដូច្នេះយើងនឹងធ្វើដើម្បី ៣ ពិន្ទុ យើងចង់បញ្ចប់ក្នុងពូលដោយភាពជោគជ័យ។”
២ប្រកួតកន្លងមកក្នុងពូល F ក្រុម Macarthur និងភ្នំពេញក្រោនមាន៦ពិន្ទុដូចគ្នា តែក្រុមកម្ពុជាឈរលេខ២។ អ្វីគួរកត់សម្គាល់នោះ គឺភ្នំពេញក្រោនមិនទាន់របូតគ្រាប់បាល់នៅឡើយទេ៕