
គណៈកម្មការពានសម្ដេចតេជោ ៖ ប្រើកីឡាករបរទេសនឹងធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីរដូវកាល២០២៣/២០២៤ នេះតទៅ ក្រុមនីមួយៗអាចប្រើប្រាស់កីឡាករបរទេសបានវិញហើយ។
លោក រុន វិទូ ប្រធានផ្នែកការប្រកួតនៃគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា ការៀបចំឲ្យមានកីឡាករបរទេសឡើងវិញនេះ ដោយសារតែមានការស្នើសុំពីក្លិបនៅលីគកំពូល និងលីគទី២។ ទន្ទឹមនឹងនេះ ក្លិបដែលបានចំណាយថវិកាលើកីឡាករបរទេស ពិតជាចង់ឲ្យពួកគេអាចលេងបានច្រើនប្រកួតដែរ។
ទាក់ទងទៅនឹងការបន្ថែមកីឡាករបរទេសនេះ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ក៏អាចពង្រឹងពង្រីកវិសាលភាពផ្សព្វផ្សាយ និងធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ កាន់តែខ្លាំង កាន់តែស្វិតស្វាញជាងមុន។
គួរបញ្ជាក់ថា ក្លិបនីមួយៗ អាចចុះឈ្មោះកីឡាករបរទេសបាន៦នាក់។ សម្រាប់ការប្រកួតនៅលើទីលានអាចដាក់កីឡាករបរទេស៤នាក់ក្នុងជម្រើស១១នាក់ដំបូង។ ក្នុងចំណោម៤នាក់នោះត្រូវមានម្នាក់ជាកីឡាករអាស៊ី។ ការអនុវត្តនេះចាប់ផ្ដើមពីដំណាក់កាលជម្រុះថ្នាក់ជាតិតទៅ។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ចាប់ផ្ដើមពីថ្ងៃទី២៨ ខែមីនា នេះតទៅដោយមាន២០ក្រុមបែងចែកជា៤ពូល៕