ស.ស.យ.ក ខេត្តកណ្ដាលលើកពាន Soccer League ផ្នែកបុរស ខណៈសុភីណាឈ្នះវិញ្ញាសានារី
ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្ដាលបានលើកតំែណងជើងឯកព្រឹត្តិការណ៍ Soccer League 2023 វិញ្ញាសាផ្នែកបុរស ក្រោយឈ្នះក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដោយលទ្ធផល២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាកីឡដ្ឋាន RSN។
មុនឈានឡើងមកកាន់វគ្គដណ្ដើមជើងឯកនេះ ក្រុមស.ស.យ.ក ខេត្តកណ្ដាល បានទម្លាក់ក្រុមពោធិ៍សែនជ័យ ខណៈក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ឈ្នះក្រុមរ៉ូយាល់មយូរ៉ា។ ចំណែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញ ក្រុមរ៉ូយាល់មយូរ៉ា បានយកឈ្នះក្រុមពោធិ៍សែនជ័យ ដោយលទ្ធផល ២ទល់នឹង១។
ក្នុងការប្រកួតវិញ្ញាសាផ្នែកនារីឯណោះវិញ ក្រុមសុភីណា ស្រវាបានតំណែងជើងឯកដោយជោគជ័យ ក្រោយឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធ ទី០៨ ខែកុម្ភៈ នាទីលានវិទ្យាស្ថានអប់រំកាយ និងកីឡា។ សម្រាប់ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមស្អាងយើងស្អាតដែលបានយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដោយលទ្ធផល៤ទល់នឹង១។
គួររំឭកថា ការប្រកួតបាល់ទាត់ UYFC Soccer League 2023 ចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ មានការប្រកួតនៅ ៩ទីលាន ក្នុង រាជធានីភ្នំពេញ ដើម្បីរៀបចំការប្រជែងដណ្តើមពានរង្វាន់ដែលមាន៧៤ក្រុម ដោយ មានក្រុមបុរស ៦៤ ក្រុម បូក រួម ទាំង ក្រុម នារី ១០ ក្រុមមាន ។ ការ ប្រកួត ពាន រង្វាន់ នេះ ក៏ ជា ចំណែក មួយ ដើម្បី លើក ស្ទួយ វិស័យ កីឡា នៅ កម្ពុជា ផង ដែរ៕