
សាយ ពិសិដ្ឋ បង្ហើបបុគ្គលសំខាន់ម្នាក់ជួយឲ្យខ្លួនមានអាជីព និងការងារល្អដូចបច្ចុប្បន្ន
ប្រធានក្រុមនគរបាលជាតិ សាយ ពិសិដ្ឋ បង្ហើបថា ឯកឧត្តមប្រធានក្លិប ជួន ណារិន្ទ បានជួយជ្រោមជ្រែងរូបគេតាំងពីឈានជើងចូលក្លិបនេះដំបូង រហូតដល់ក្លាយជាកម្លាំងសំខាន់ក្នុងក្រុម និងមានឱកាសទទួលបានការងារបម្រើប្រជាពលរដ្ឋថែមទៀត។
កីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអះអាងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបែបនេះហើយទើបមិនចង់ផ្លាស់ប្ដូរទៅកាន់ទ្រនំថ្មីណាមួយ ពោលគឺចង់បន្តលេងនៅក្រុមតំណាងនគរបាលជាតិរហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដង។
សាយ ពិសិដ្ឋ ពន្យល់ “៖ក្រៅពីមានអាជីពបាល់ទាត់មួយដ៏ល្អហើយ ឯកឧត្តមប្រធាន ជួន ណារិន្ទ បានជួយឲ្យខ្ញុំ និងប្អូនខ្ញុំមានក្របខណ្ឌការងារដ៏សមរម្យមួយទៀត អ៊ីចឹងហើយបានជាខ្ញុំមិនចង់ចាកចេញពីក្លិបនគរបាលជាតិ។ ចាំបានថា ពេលខ្ញុំមកហាត់នៅក្លិបប៉ូលិសបានមួយឆ្នាំ ខ្ញុំក៏ជាប់ជម្រើសជាតិ អ៊ីចឹងបានជាខ្ញុំមិនដែលភ្លេចគុណក្លិបប៉ូលិស និងមេទេ។ ដូចខ្ញុំធ្លាប់ប្រាប់ពីមុនអ៊ីចឹងថា ខ្ញុំមិនចង់ទៅក្លិបណាទៀតទេ គឺចង់ចូលនិវត្តន៍នៅទីនេះតែម្ដង។ ប៉ាខ្ញុំធ្លាប់ប្រាប់ដែរថា បើទៅក្លិបផ្សេងបានប្រាក់់ខែលើតិចតួច លេងនៅនេះដដែលទៅ ព្រោះមេយកចិត្តទុកដាក់យើងខ្លាំង។”
ខ្សែការពារមានប្រភពពីខេត្តកណ្ដាលបង្ហើបថា ធ្លាប់ត្រូវឪពុកម្ដាយរារាំងមិនឲ្យចូលហាត់បាល់ទាត់ដែរ កាលពីមុនក្លាយជាកីឡាករអាជីព ព្រោះឃើញកូនរៀនពូកែ ដូច្នេះចង់លោកទាំងពីរចង់ឲ្យផ្ដោតលើការសិក្សាជាង។ ប៉ុន្តែដោយសារចិត្តស្រលាញ់ ទើបគេព្យាយាមជម្នះ និងលួចហាត់បាល់រហូតសម្រេចបំណង។
សាយ ពិសិដ្ឋ ផ្ដើមហ្វឹកហាត់បាល់ទាត់នៅថ្នាលក្លិបភ្នំពេញអ៊ីមផាយអឺរ មុនលេងលក្ខណៈអាជីពនៅឆ្លាមសមុទ្រ ឆ្នាំ២០០៨ និងបានផ្លាស់ទៅនគរបាលជាតិ ឆ្នាំ២០១០៕