គ្រូបង្វឹកតេក្វាន់ដូ ITF វិលទៅកូរ៉េខាងជើងវិញក្រោយបង្ហាត់នៅកម្ពុជា១៦ឆ្នាំ
លោក Ri CHOLNAM គ្រូបង្វឹកកីឡាតេក្វាន់ដូ ITF នៅកម្ពុជា បានបញ្ចប់បេសកកម្មរយៈពេល១៦ឆ្នាំរបស់លោកហើយ និងវិលត្រលប់ទៅកូរ៉េខាងជើងវិញ។ នេះបើតាមការផុសពីម្ចាស់មេដាយមាសពិភពលោក ប៉ាល់ ជីវ័ន្ដ ដែលបានលាយឡំដោយភាពក្ដុកក្ដួល។
កីឡាករឆ្នើម ប៉ាល់ ជីវ័ន្ដ ថ្លែងថា រយៈពេល១៦ឆ្នាំមកនេះ លោក Ri បានរួមចំណែកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីបានយ៉ាងច្រើន និងទទួលមេដាយជាហូរហែ។ លោក Ri ក៏ទទួលបានគ្រឿងឥស្សរិយយសពីសម្ដេចតេជោ ទៀតផង។
លោក ប៉ាល់ ជីវ័ន្ដ រៀបរាប់ “៖ សមិទ្ធផលរយៈពេល១៦ឆ្នាំនៅខ្មែរ គាត់បានដឹកនាំទៅប្រកួតច្រើនដែរនៅក្រៅប្រទេស ហើយបានទាំងមេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ច្រើនគួរសមដែរ។ ចុងក្រោយ គាត់ដឹកនាំទៅប៊ុលហ្គារី បានមេដាយមាស និងប្រាក់ដែរ។ គាត់ក៏ធ្លាប់បានគ្រឿងឥស្សរិយយសពីសម្ដេចតេជោដែរ។”
លោក ប៉ាល់ ជីវ័ន្ដ ដែលជាគ្រូបង្វឹកជម្រើសជាតិមួយរូបដែរបន្តថា បន្ទាប់ការចាកចេញពីលោក Ri CHOLNAM ទៅ សហព័ន្ធតេក្វាន់ ITF កម្ពុជា មិនមានគម្រោងអញ្ជើញគ្រូបរទេសណាមកទៀតទេ ដោយមានការចូលរួមពីគ្រូក្នុងស្រុកដូចជាលោកអគ្គលេខាធិការ ប៊ួហ៊ីង សុធីយ៉ា និងគ្រូផ្សេងៗទៀត៕