ពូលរបស់ភ្នំពេញក្រោននៅ AFC Cup ថយពី៤មក៣ក្រុម
ក្លិបបាល់ទាត់មីយ៉ាន់ម៉ា Hanthawardy បានដកខ្លួនពីការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup 2022 ហើយ។ នេះបើតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះ។
យ៉ាងណា សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ាមិនបានបញ្ជាក់ពីមូលហេតុពិតទេ តែគេប៉ាន់ស្មានថា អាចដោយសារតែបញ្ហាផ្ទៃក្នុងប្រទេស ឬកូវីដ១៩។
ការដកខ្លួននេះធ្វើឲ្យពូល I នៃ AFC Cup ថយមកត្រឹម៣ក្រុមដែលមានក្លិបវៀតណាម Viettel, ក្លិបសិង្ហបុរី Hougang United និងក្រុមជើងឯកកម្ពុជា ភ្នំពេញក្រោន។
ដោយឡែកសម្រាប់វគ្គជម្រុះ ឬ Play-Off រវាងវិសាខា និងក្លិបឡាវ Young Elephants មិនទាន់ត្រូវបានប្រកាសពីការប្រែប្រួលយ៉ាងណាទេ។ ក្រុមឈ្នះនឹងចូលទៅពូល G។
ទន្ទឹមនឹងនេះដែរ មិនត្រឹមតែ Hanthawardy ទេ គឺក្លិប Shan United ក៏ដកខ្លួនពី AFC Champions League៕