កីឡាករបាល់ទាត់វ័យក្មេងម្នាក់នៅអាហ្សង់ទីនត្រូវប៉ូលិសបាញ់សម្លាប់
កីឡាករបាល់ទាត់មួយរូបវ័យ១៧ឆ្នាំឈ្មោះថា Lucas Gonzalez ត្រូវបានប៉ូលិសបាញ់ចំក្បាលនៅរដ្ឋធានី Bunes Aires ក្នុងប្រទេសអាហ្សង់ទីនប៉ុន្មានថ្ងៃមុននេះ។
យុវជនរូបនេះបានធ្វើដំណើរដោយរថយន្ដ Volswagen ជាមួយនឹងមិត្តភក្ដិឯទៀតពីការហ្វឹកហាត់ ហើយពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានការបាញ់ពីប៉ូលិសតែម្ដង។
អ្នកស្រី Cintia Lopez ម្ដាយ Lucas និយាយថា “៖កូនប្រុសខ្ញុំចេញពីកន្លែងហាត់នៅក្រុម Barracas ជាមួយពួកម៉ាក៤នាក់ទៀត ព្រោះនៅហ្នុងគេកំពុងរើសកីឡាករ។ នៅតាមផ្លូវ ពួកគេឈប់នៅហាងមួយកន្លែងដើម្បីទិញរបស់។ ស្រាប់តែមានប៉ូលិស៤នាក់ឈប់ឡាន ហើយក៏បាញ់លើកូនប្រុសរបស់ខ្ញុំ។ វាពិតជាឈឺចាប់ណាស់។ ពួកគេត្រូវតែសងជីវិតកូនប្រុសខ្ញុំ។”
បើតាមការឲ្យដឹងពីក្រុមគ្រួសាររបស់ Lucas គឺក្រុមប៉ូលិសស្លៀកពាក់ស៊ីវិល។ ប៉ូលិសមួយរូបថា ក្រុមក្មេងៗទាំងនោះគួរឲ្យសង្ស័យ ទើបពួកគេដេញ។
សារព័ត៌មាន ESPN រាយការណ៍ថា អាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ ហើយក៏មានការប្រកាសកាន់ទុក្ខ៣ថ្ងៃផងដែរ៕