កីឡាករភ្នំពេញក្រោន២រូបវិលមកហាត់ជាថ្មី ក្រោយចប់កិច្ចសន្យាខ្ចីនៅក្លិបផ្សេង
ខ្សែការពារ សឿត បារាំង និងអ្នកចាំទី គង់ ច័ន្ទវុទ្ធី បានចូលរួមហ្វឹកហាត់ជាមួយសមាជិកឯទៀតនៅភ្នំពេញក្រោនជាលើកដំបូង ក្រោយវិលមករួមរស់ជាមួយក្លិបដើមមួយនេះវិញ ក្រោយត្រូវបានដាក់ឲ្យក្លិបផ្សេងខ្ចីរៀងៗខ្លួន។
បារាំង ត្រូវបានអង្គរថាយហ្គឺរខ្ចីក្នុងរដូវកាល២០២១ និងរួមចំណែកបានលេខ៦នៅលីគកំពូល។ ខ្សែការពារឆ្វេងរូបនេះបានចូលរួមជាមួយភ្នំពេញក្រោន តាំងពីនៅថ្នាលយុវជន ឆ្នាំ២០១១ និងបានចូលក្រុមធំក្នុងឆ្នាំ២០១៥។
ចំណែកអ្នកចាំទី គង់ ច័ន្ទវុទ្ធី បានវិលត្រលប់ពីលក្ខខណ្ឌខ្ចីនៅគិរីវង់សុខសែនជ័យ ហើយបានលេខ៨នៅលីគកំពូល។
ក្នុងការហ្វឹកហាត់នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ នេះដដែល ក៏មានវត្តមានខ្សែការពារ សួន នឿត ដែលទើបវិលពីការព្យាបាលរបួសជង្គង់ដែរ។
គួររំឭកថា ភ្នំពេញក្រោន ទទួលបានតំណែងជើងឯកលីគកំពូល២០២១ និងមានកៅអីប្រកួត AFC Cup 2022 វគ្គចែកពូល៕