កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់ភៀសខ្លួនទៅកាតារ
សារព័ត៌មាន BBC រាយការណ៍ថា កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់បាននាំគ្នាភៀសខ្លួនទៅកាន់ក្រុងដូហា ប្រទេសកាតារ កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា។
ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលកាតារបាននិងកំពុងធ្វើការជាមួយ FIFA ដើម្បីជួយសង្គ្រោះកីឡាការិនីទាំងនោះ។ គេដឹងថា ក្នុងចំណោមអ្នកភៀសខ្លួនទាំងនោះមានអ្នកជាប់ជម្រើសជាតិដល់ទៅ២០នាក់ទៀតផង។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានព្យាយាមជម្លៀសអ្នកលេងបាល់ទាត់ និងគ្រួសាររបស់គេចេញពីអាហ្វហ្គានីស្ថានដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងពីក្រុមតាលីបង់ កាលខែសីហា កន្លងទៅ។
ក្រោយការចូលមកគ្រប់គ្រងពីក្រុមផ្ដាច់ការខាងលើ ក្រុមកីឡាការិនីជម្រើសជាតិត្រូវបានព្រមានដោយអតីតប្រធានក្រុម Khalida Popbal ឲ្យលុបរូបភាពលេងបាល់លើបណ្ដាញសង្គម និងដុតឯកសណ្ឋានចេញដើម្បីការពារខ្លួនពីការធ្វើទុកបុកម្នេញដោយរបបថ្មី។
ទន្ទឹមនឹងនេះ កីឡាការិនីបាល់ទាត់ជាច្រើនរបស់ប្រទេសនេះបានគេចខ្លួនចាប់តាំងពីការចូលកាន់អំណាចដោយក្រុមតាលីបង់។
អំឡុងការកាន់អំណាចពីចន្លោះឆ្នាំ១៩៩៦ដល់២០០១ តាលីបង់បានហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឲ្យចូលរួមលេងកីឡាឡើយ៕