
Messi បដិសេធប្ដូរអាវជាមួយកីឡាករ Reims ម្នាក់
កីឡាករ Mitchell van Bergen របស់ Reims បានឈររង់ចាំ Lionel Messi ដែលកំពុងថតរូបជាមួយកូនប្រុសអ្នកចាំទី Predrag Rajkovic។ Bergen ចង់សុំអាវរបស់ Messi ដើម្បីជាអនុស្សាវរីយ៍។
មិនបានដូចបំណងឡើយ Messi មិនអាចផ្ដល់អាវនោះបានទេ ព្រោះជាអាវប្រកួតដំបូងរបស់គេក្នុងនាមជាកីឡាករ Paris Saint Germain។
Messi បានពន្យល់ទៅកាន់ Bergen ពីរឿងនេះដែរ ហើយកីឡាករហូឡង់រូបនេះក៏ទម្លាក់លើបណ្ដាញសង្គមរបស់ខ្លួន។
ទោះមិនបានផ្ដល់អាវតាមសំណូមពរ Messi បានទទួលសំណើថតរូបជាមួយកីឡាករ Reims។ គេក៏ផ្ដល់ហត្ថលេខាដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Reims ថែមទៀត។
គួររំឭកថា Messi បានប្ដូរចូលជំនួស Neymar ក្នុងជំនួបក្របខណ្ឌកំពូលបារាំង កាលថ្ងៃអាទិត្យ ទី២៩ ខែសីហា ដែល Paris Saint Germain ឈ្នះ Reims ០ទល់នឹង២៕