ស្ងាត់ៗ អ្នកចាំទីម្នាក់របស់ Man City បានឡើងផ្ដាច់ព្រ័ត្រ UCL លើកទី២
Sccott Carson ដែលជាអ្នកចាំទីដៃ៣ Manchester City មានឱកាសឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកទី២ក្នុងអាជីពរបស់ខ្លួន។
ក្នុងរដូវកាល២០០៤/២០០៥ Carson និង Liverpool បានឈ្នះពានរង្វាន់ UEFA Champions League ក្រោយវាយបកយកឈ្នះ AC Milan ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ កាលណោះគេចុះកុងត្រា៤ឆ្នាំកន្លះនៅហង្សក្រហម ជាដៃទី២បន្ទាប់ពី Jerzy Dudek។ យ៉ាងណា គេចូលលេងបានតែ៤ប្រកួតប៉ុណ្ណោះសម្រាប់ Liverpool មុនត្រូវបានបញ្ជូនទៅ Sheffield Wednesday, Charlton និង Aston Villa ខ្ចី។
ក្នុងឆ្នាំ២០០៨ កីឡាករវ័យ៣៥ឆ្នាំបានចូលរួមជាមួយ West Brom ហើយបន្តទៅ Bursaspor, Wigan និង Derby។ ឆ្នាំ២០១៩ គេត្រូវបាន Man City ខ្ចីពី Derby ធ្វើជាអ្នកចាំទីដៃទី៣ តែមិនដែលបានចូលលេងទេ។
គួរដឹងដែរថា Man City បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដោយលទ្ធផលសរុប៤ទល់នឹង១ លើ Paris Saint Germain ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ជើងទី១ City ឈ្នះ១-២, ជើងទី២ ឈ្នះ២-០)៕