ខ្សែប្រយុទ្ធអ៊ុយក្រែន បង្ហាញខ្លួនលើកដំបូងរកគ្រាប់អោយ ភ្នំពេញក្រោន ឈ្នះ គិរីវង់
ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយក្រែន Vlarii ស៊ុតបញ្ចូលទី១ គ្រាប់ជួយក្លិបបាល់ទាត់ ភ្នំពេញក្រោន ឈ្នះ គិរីវង់សុខសែនជ័យ ២ ទល់ ១ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ។
នាទឹកដីខេត្ត តាកែវ ក្រុមភ្ញៀវបានបើកការនាំមុខមុនដោយខ្សែការពារ កុក បូរីស ក្នុងវគ្គទី១ ។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធ អ៊ុយក្រែន Vlarii បន្ថែមគ្រាប់ទី២ នៅនាទី ៨០ បន្ទាប់ពីផ្លាស់ប្ដូរចូលក្នុងវគ្គទី២ នេះ ។ នេះជាការបង្ហាញលើកដំបូងរបស់កីឡាករលេខ៩ រូបនេះបន្ទាប់ពីចូលរួមជាមួយ ភ្នំពេញក្រោន ក្នុងរដូវកាល ២០២១ នេះ ។
ម្ចាស់ផ្ទះរកបាន១គ្រាប់វិញ នៅចុងម៉ោង ដោយកីឡាករជប៉ុន Rieya ដើម្បីបញ្ចប់លទ្ធផល ១ ទល់ ២ ។
សូមបញ្ជាក់ថា នេះជាការប្រកួតលើកទី២ ហើយរបស់ក្លិប បាល់ទាត់ ភ្នំពេញក្រោន ខណៈលើកទី១ បានយកឈ្នះ សូលទីឡូអង្គរ ៧ ទល់ ១ ។ ប្រកួតបន្តក្រុមសឹង្ហក្រហម ត្រូវជួប បឹងកេត នៅថ្ងៃទី ០៦ ខែ មេសា ២០២១ ៕