កក្រើកហើយ ! គោជល់រៀបចំម្ចាស់ខ្សែក្រវាត់មានឱកាសដណ្តើមខ្សែក្រវាត់គ្នា
ក្រោយពីបានបញ្ចប់កម្មវិធីនៃការប្រកួតប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” មិនដល់មួយត្រីមាសផងនៅពេលនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់បានប្រកាសឱ្យដឹងជាផ្លូវការណ៍នូវការប្រកួតប្រដាល់គុនខ្មែរដ៏ថ្មីស្រឡាងមួយទៀតគឺ “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ។
តើកម្មវវិធីនេះមានភាពខុសប្លែកគ្នាយ៉ាងណាខ្លះពីកម្មវធីមុនៗដែលឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់? ចម្លើយមានដូចតទៅនេះ! តាមរយៈអ្នករៀបចំការប្រកួតប្រដាល់ CBS បានធ្វើការពន្យល់ថាតំបូងគេបានសម្រិតសម្រាំងរកកីឡាករ៨រូបចែកចេញជាពីក្រុមគឺ A និង B។ កីឡាករចំនួន៤រូបក្នុងក្រុមនីមួយៗត្រូវប្រកួតប៉ះគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ។ ក្រោយពីក្រុមទាំងពីរធ្វើការប្រកួតចប់រួចរាល់អស់ហើយ គេនឹងរកឃើញជើងខ្លាំង២រូបនៅក្នុងក្រុមនីមួយៗតាមរយៈពិន្ទុសន្សំរបស់ពួកគេ។ នៅជុំបន្ទាប់គឺជាការប្រកួតជម្រុះដែលតម្រូវឱ្យកីឡាករលេខ១ក្រុម A ប្រកួតជាមួយកីឡាករលេខ២ក្រុម B និងកីឡាករលេខ១ក្រុម B ប្រកួតជាមួយកីឡាករលេខ២ក្រុម A។ តាមរយៈលទ្ធផលជ័យជម្នះនៃការប្រកួត២គូខាងលើនេះគេនឹងទទួលបានកីឡាករ២នាក់ដែលបានទទួលជ័យជម្នះនៅវគ្គខ្វែងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង។
នាពេលនោះព្រិត្តិការណ៍នឹងប្រកបទៅដោយភាពរន្ធត់ញាប់ញ័រព្រោះតែម្ចាស់ជ័យលាភីដែលកើតចេញពីកីឡាករជើងខ្លាំង២រូបប្រជែងគ្នានឹងក្លាយទៅជាម្ចាស់ខ្សែក្រវាត់ “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើកទឹកចិត្តបន្ថែមចំនួនប្រាំពាន់ដុល្លារអាមេរិចទៀតផង។
បើតាមឱ្យដឹងពីអ្នករៀបចំកម្មវិធីបានបន្ថែមទៀតថា អ្នកឈ្នះបានលុយប្រាំពាន់បានខ្សែក្រវាត់មួយនេះនៅមិនទាន់មានឈ្មោះជាម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ពេញលេញនៅឡើយទេ ព្រោះគេត្រូវប្រកួតមួយតំណាក់កាលទៀត នោះគឺត្រូវប្រកួតយកខ្សែក្រវាត់ពិតប្រាកដប្រចាំកម្មវិធីជាមួយម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់” រដូវកាលចាស់ ឃឹម បូរ៉ា ម្តងទៀតដោយមានទឹកប្រាក់លើកទឹកចិត្តចំនួនប្រាំពាន់ផ្សេងទៀតដែរ។
កម្មវិធីដ៏គគ្រឹកគគ្រេងថ្មីប្លែកខុសពីលើកមុននេះត្រូវបានអ្នករៀបចំកម្មវិធីប្រកួតដដែលធ្វើការពន្យល់ថាលោកចង់ធ្វើឱ្យខ្សែក្រវាត់ដែលកីឡាករទទួលបានកាន់តែមានតម្លៃថែមទៀត។ ដូចនេះខ្សែក្រវាត់នឹងត្រូវឆ្លាក់ឈ្មោះកីឡាករដែលបានឈ្នះនិងដាក់ឱ្យដណ្តើមគ្នាទៅវិញទៅមកតាមរូបភាពប្រកួតដដែលឬទៅតាមរូបមន្តផ្សេងទៀតដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។
គួបញ្ជាក់ដែរថាកីឡាករទាំង៨នាក់ដែលចូលរួមប្រកួតក្នុងក្រុម A មាន សូត្រ វាសនា, ឈុត សេរីវណ្ណថង, ម៉ឺន មេឃា, និង ឡុង ជិន ក្រុម B មាន ចាន់ សំអាត, សោម វិឆ័យ , វេង សុភ័ក្រ និង តាញ់ មករា ។ក្រៅពីអ្នកលេខ១ទទួលបានខ្សែក្រវាត់និងទឹកប្រាក់៥ពាន់ដុល្លារហើយនោះអ្នកលេខ២ក៏ទទួលបានទឹកប្រាក់លួងចិត្តចំនួនពីរពាន់ដុល្លារនិងពានមួយ អ្នកលេខ៣ទទួលបានទឹកប្រាក់មួយពាន់ប្រាំរយដុល្លារ អ្នកលេខ៤ទឹកប្រាក់មួយពាន់ដុល្លារផងដែរ។ រីឯកម្មវិធីនេះនឹងផ្តើមធ្វើឡើងពីថ្ងៃសៅរ៍ ទី៣ មេសា នេះតទៅហើយនៅសង្វៀន CNC ឬស្សីកែវចាប់ពីវេលាម៉ោង៦ល្ងាចតទៅ។ (សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេករបស់ Redbull កម្ពុជា ៕