គ្រូ Southampton ស្រក់ទឹកភ្នែកច្រោកក្រោយឈ្នះ Liverpool
លោក Ralph Hasenhuttl អ្នកចាត់ការ Southampton មិនអាចលាក់អារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនបានឡើយ ក្រោយឈ្នះ Liverpool ១ទល់នឹង០ ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០៤ ខែមករា។
គ្រាន់តែលោកអាជ្ញាកណ្ដាល Andre Marriner ផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាម គ្រូបង្គោលជនជាតិអូទ្រីសខាងលើបានទន់ជង្គង់ សម្រក់ទឹកភ្នែកភ្លាមៗតែម្ដង។
លទ្ធផលដ៏ល្អនេះមិនត្រឹមតែបញ្ចប់ភាពមិនឈ្នះក្រុមហង្សក្រហមក្នុងចំណោម៦ប្រកួតចុងក្រោយប៉ុណ្ណោះទេ តែក៏បានបង្កើតកំណត់ត្រាពិសេសមួយដែរ។ Southampton ក្លាយជាក្រុមដែលឈ្នះក្រុមការពារតំណែងជើងឯក Premier League ច្រើនជាងគេបង្អស់ (ឈ្នះ៧ក្រុមហើយ)។
ក្រុមម្ចាស់ផ្ទះមួយនេះបានបើកការនាំមុខតាំងពីនាទីទី០២ដែលរកបានដោយអតីតខ្សែប្រយុទ្ធ Liverpool ផ្ទាល់តែម្ដង គឺ Danny Ings។ ក្រោយនាំមុខភ្លាម ពួកគេក៏ចាប់ផ្ដើមលេងក្បួនចតឡានក្រុង។
Liverpool គ្រប់គ្រងបាល់ដល់ទៅ៦៧ភាគរយ និងឱកាស១១លើក។ បរាជ័យនេះមានន័យថា ហង្សក្រហមមាន៣៣ពិន្ទុដដែល ស្មើក្រុមលេខ២ Manchester United តែក្រុមលោក Jurgen Klopp លេងបាន១៧ប្រកួត ច្រើនជាងបិសាចក្រហមមួយប្រកួត។ ចំណែក Southampton ឡើងលេខ៦ មាន២៩ពិន្ទុ៕