ទេស សម្បត្តិ បង្ហើបថាហាត់ស្លាយបាល់ពេលមានភ្លៀងទើបធ្វើបានជោគជ័យ
អ្នកគាំទ្របាល់ទាត់ខ្មែរជាច្រើនបតែងតែសរសើរពីរការការពារបាល់របស់កីឡាករក្លិបបឹងកេត ទេស សម្បត្តិ ក្នុងការប្រកួតនាពេលកន្លងមក ជាពិសេសបច្ចេកទេសនៃការស្លាយបាល់កាត់ពីខ្សែប្រយុទ្ធ ។
អតីតសមាជិកនៅសាលាបាល់ទាត់បាទីបានបង្ហើបពីការរៀនស្លាយបាល់បានល្អថា ការពិតដំបូងឡើយខ្ញុំមិនចេះពីរបៀបស្លាយបាល់នោះទេ ពីព្រោះខ្ញុំលេងជាខ្សែប្រយុទ្ធ ប៉ុន្តែគ្រូបង្វឹកជនជាតិជប៉ុន Musashi Mizushima មើលឃើញពីកាយសម្បទាធំល្អទើបគាត់អោយលេងជាខ្សែការពារវិញ ។ កីឡាករដើមកំណើតខេត្តកំពង់ស្ពឺ បន្តថា សម្រាប់ការប្រជែងយកបាល់ រឺ ការស្លាយបាល់ គ្រូជប៉ុនគាត់បានរៀននៅពេលមានភ្លៀងធ្លាក់ ហើយខ្ញុំព្យាយាមអនុវត្តតាមការណែនាំរបស់គាត់ទើបធ្វើបានល្អក្នុងនាមជា ខ្សែការពារ ។
សូមបញ្ជាក់ថា ទេស សម្បត្តិ បានចំណាយពេលជិត ៥ឆ្នាំនៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី មុនពេលចុះកិច្ចសន្យាអាជីពជាមួយ ក្លិបបាល់ទាត់បឹងកេត នៅឆ្នាំ២០១៩ និងបានជួយឲ្យក្រុមឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិបថែមទៀតផង ហើយរូបគេក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់គ្រូបង្វឹក Felix និងអ្នកចាត់ការ Honda ផងដែរ ។