គ្រូព្រះខ័នរាជស្វាយរៀង ថាកីឡាករទី១២ជាកម្លាំងធ្វើអោយឈ្នះក្រុម Bali United
លោក Conor Nestor គ្រូព្រះខ័នរាជស្វាយរៀង បានលើកឡើងថាទឹកចិត្តរបស់អ្នកគាំទ្រជាកីឡាករទី១២ ក្នុងការផ្តល់ជាកម្លាំងដល់ក្រុមរបស់លោកឈ្នះ Bali United របស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២ ទល់ ១ ក្នុងការប្រកួតពូល G ពានរង្វាន់ AFC Cup នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញ ។ក្រោយចប់ការប្រកួតលោក Conor Nestor បានអោយដឹងថា កីឡាកររបស់យើងបានប្រឹងប្រែង ហាត់ខ្លាំង ក្រោយពីខកចិត្តជាមួយ Ceres–Negros ទើបយើងទទួលបានលទ្ធផលល្អនៅថ្ងៃនេះ ។ អ្វីដែលជាកម្លាំងចិត្តរបស់ពូកយើងគឺអ្នកគាំទ្រទាំងអស់ដែលបានផ្តល់ជាកម្លាំងចិត្តរបស់កីឡាករយើងអោយខិតខំរកជ័យជម្នះជូនពួកគេ ។ លោកបន្ថែមថា ក្រោយនាំ២គ្រាប់ក្រុមយើងមិនបានលេងទប់នោះទេ ដោយព្យាយាមរក្សាការគ្រប់គ្រងបាល់ ប៉ុន្តែក្រុម Bali United គេធ្វើបានល្អ ពោលគេរក្សាការគ្រប់គ្រងបានច្រើនជាងយើងក្នុងវគ្គទី២ ។
គួររំលឹកថា ក្រុមម្ចាស់ផ្ទះបានបើកការនាំមុនដោយខ្សែប្រយុទ្ធវ័យក្មេង ហ៊ុយ ផល្លីន នៅនាទី១២ ខណៈ Previt បានបន្ថែមគ្រាប់ទីពីរបង្កើនការនាំ ២ គ្រាប់លើក្រុមភ្ញៀវ មកពី ឥណ្ឌូនេស៊ី មុនបញ្ចប់វគ្គទី១ ។ ឈានចូលវគ្គទី២ ក្រុម Bali United ព្យាយាមតាមបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដើម្បីបញ្ចប់លទ្ធផល ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ ទល់ ១ ។សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ចំនួន២ប្រកួតកន្លងមក ក្រុម ព្រះខ័នរាជស្វាយរៀង ឡើងមកឈរនៅលេខរៀងទី៣ក្នុងពូលដោយឈ្នះ១និងចាញ់១ ចំណែកក្រុម Bali United ស្ថិតនៅលេខ២ ដោយឈ្នះ១និងចាញ់ដូចគ្នា ។ ក្រុមកំពូលតារាងនៅតែ Ceres–Negros របស់ហ្វីលីពីន ខណៈក្រុមមកពីវៀតណាម Than Quảng Ninh ស្ថិតនៅបាតតារាង ៕ ប្រភពរូបភាព៖ ព្រះខ័នរាជស្វាយរៀង