តើ Alisson ពិតជាដូចអ្វីដែលអតីតអ្នកចាំទីប្រេស៊ីល Doni និយាយដែររឺទេ?
អតីតអ្នកចាំទីរបស់ Liverpool ម្នាក់បាននិយាយថា Alisoson Becker គឺជាអ្នកចាំទីដ៏ល្អជាងគេក្នុងលោកនាពេលបច្ចុប្បន្ន។
Doni ជាអតីតអ្នកចាំទីរបស់សំាបាប្រេស៊ីលអំឡុងឆ្នាំ ២០០៧ ដល់ ២០០១១ និងធ្លាប់ចាប់អោយហង្សក្រហមបាន២រដូវកាលដែរចាប់ពីឆ្នាំ ២០១១ ដល់ ២០១៣ បានសរសើមិដាច់ពីមាត់ដល់អ្នកចាំទី Alisson Becker ថាមានថ្វីដៃមិនធម្មតាក្នុងការរក្សាសំណាញ់មិនអោយរង្គឺ ជាពិសេសកំពុងធ្វើបានល្អក្នុងព្រឹត្តិការណ៏ Copa America ២០១៩ ដែលជួយអោយក្រុមឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតផង។
កាលពីឆ្នាំ ២០១៨ Alisson បានផ្លាស់ចេញពីចចក Roma មកកាន់ ហង្សក្រហម Liverpool ក្នុងនាមជាអ្នកចាំទីដែលមានតំលៃខ្លួនថ្លៃបំផុតក្នុងលោក ដែលជាការសំឡឹងឃើញពីអ្នកចាត់ការ Jurgen Klopp ។ លីកអាជីពដែលទើបតែបញ្ចប់កាលពីខែមុន អ្នកចាំទីវ័យ២៦ឆ្នាំ បានជួយអោយ Liverpool ឈ្នះពាន UEFA Champions League ជាលើកទី៦តាមរយៈជ័យជំនះលើមាន់ខ្នាយមាស Tottenham Hotspur ២-០។
គួរបញ្ចាក់ថា Alexander Doni ជាអតីតអ្នកចាំទីដែលលេងល្អបំផុតកាលពីនៅចាប់អោយចចក Roma អំឡុងឆ្នាំ ២០០៥ ដល់ ២០១១ ដោយធ្លាប់បង្ហាញខ្លួននៅលើទីលានបានចំនួន ១៤៧លើក មុននិងផ្លាស់មក Liverpool ពីឆ្នាំ ២០១១ ដល់ ២០១៣ ប៉ុន្តែចូលលេងបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយធ្លាប់បង្ហាញខ្លួនអោយក្រុមជំរើសជាតិប្រេស៊ីលបាន១០ប្រកួតផងដែរកាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០៕